អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានលុបចោលសន្និសីទសារព័ត៌មានដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដើម្បីចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតឆ្នាំ២០២០ ក្នុងរដ្ឋ Georgia ដោយនិយាយថា ក្រុមមេធាវីរបស់លោកនឹងដាក់ទឡ្ហីករណ៍នោះនៅក្នុងឯកសារតុលាការជំនួសវិញ។

លោក ត្រាំ បាននិយាយកាលពីដើមសប្តាហ៍នេះថា លោកនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ ដើម្បីបញ្ចេញរបាយការណ៍លម្អិតចំនួន១០០ទំព័រ ទៅក្នុងអ្វីដែលលោកបានពិពណ៌នាថាជា «ការក្លែងបន្លំការបោះឆ្នោត» នៅក្នុងរដ្ឋ Georgia អំឡុងការបោះឆ្នោតឆ្នាំ២០២០ ដែលលោកបានចាញ់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន។

លោក ត្រាំ ត្រូវបានចោទប្រកាន់នៅក្នុងរដ្ឋ Georgia និងនៅតុលាការសហព័ន្ធ ពីបទប៉ុនប៉ងបង្វែរលទ្ធផលបោះឆ្នោតទាំងនោះ។
លោក ត្រាំ បាននិយាយនៅលើបណ្ដាញសង្គម Truth Social ថា «ជាជាងការចេញផ្សាយរបាយការណ៍ស្តីពីការបោះឆ្នោតប្រធានាធិបតីរដ្ឋ Georgia ឆ្នាំ២០២០ នៅថ្ងៃច័ន្ទ ខ្ញុំជឿថា ក្រុមមេធាវីរបស់ខ្ញុំចង់បញ្ជូនភស្តុតាង ដែលមិនអាចប្រកែកបាន និងច្រើនលើសលប់នៃការក្លែងបន្លំការបោះឆ្នោត ព្រមទាំងភាពមិនប្រក្រតីនៅក្នុងឯកសារទាំងនេះ ទៅកាន់តុលាការច្បាប់ជាផ្លូវការវិញ»។
លោកបានបន្ថែមថា ដូច្នេះសន្និសីទសារព័ត៌មាន គឺលែងចាំបាច់ទៀតហើយ។ ចាប់តាំងពីការបរាជ័យរបស់លោកនៅឆ្នាំ២០២០មក លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា ការបោះឆ្នោតត្រូវបានបំផ្លាញដោយការក្លែងបន្លំយ៉ាងទូលំទូលាយ។ ការទាមទារទាំងនោះត្រូវបានបដិសេធដោយតុលាការ ការពិនិត្យរបស់រដ្ឋ និងសមាជិកនៃរដ្ឋបាលផ្ទាល់របស់លោកផងដែរ៕
