ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ (១៨ សីហា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដីស្រែចម្ការ ដែលរងគ្រោះដោយព្យុះទីហ្វុង បន្ទាប់ពីព្យុះត្រូពិច ខានុន បានបោកបក់លើឧបទ្វីបកូរ៉េកាលពីសប្តាហ៍មុន ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិស្បៀងអាហារនៅក្នុងប្រទេសផ្តាច់ខ្លួនឆ្ងាយពីគេមួយនេះ។

រូបថតដែលចាក់ផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានបង្ហាញលោក គីម សម្លឹងមើលជុំវិញវាលស្រែ និងសង្កេតមើលយានដ្រូនបើកបាញ់ទឹកលើដំណាំជាមួយក្រុមមន្ត្រី ដែលរួមមានប្អូនស្រីរបស់លោក គឺលោកស្រី គីម យ៉ូជុង ផងដែរ។ កាលបរិច្ឆេទពិតប្រាកដនៃដំណើរត្រួតពិនិត្យនេះ មិនត្រូវបានបញ្ជាក់ដោយទូរទស្សន៍ KRT នោះទេ។
លោក គីម បានសរសើរកិច្ចខិតខំប្រឹងប្រែងរបស់យោធាក្នុងការសង្គ្រោះដំណាំ ហើយបាននិយាយថា កងទ័ពត្រូវបានចល័តទៅតំបន់ប៉ះពាល់ ដោយសារតែពួកគេមិនអាចបាត់បង់ដីស្រែចំការ ដោយសារគ្រោះធម្មជាតិទៅលើវិស័យកសិកម្មជួរមុខ ដែលទាក់ទងដោយផ្ទាល់ជាមួយនឹងការរស់នៅរបស់ប្រជាជនបានទេ ដោយលោកបានលើកឡើងបែបនេះ នៅក្នុងសុន្ទរកថា ដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង។
កូរ៉េខាងជើង បានទទួលរងការខ្វះខាតស្បៀងអាហារយ៉ាងធ្ងន់ធ្ងរក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ រួមទាំងគ្រោះទុរ្ភិក្សក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជារឿយៗ ជាលទ្ធផលនៃគ្រោះមហន្តរាយធម្មជាតិ។ ក្រុមអ្នកជំនាញអន្តរជាតិបានព្រមានថា ការបិទព្រំដែនអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ធ្វើឲ្យវិបត្តិស្បៀងអាហារកាន់តែអាក្រក់ទៅៗសម្រាប់ប្រទេសនេះផងដែរ៕
