សហរដ្ឋអាមេរិក បានថ្កោលទោសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) សម្រាប់ការប្រើ «ការគាបសង្កត់ និងភាពឃោរឃៅ» ព្រមទាំងការគ្រប់គ្រងផ្តាច់ការ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកដោយខុសច្បាប់។

កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភបំពាន និងបានទម្លាក់កំហុសលើទណ្ឌកម្មនានា ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងប្រទេស។ ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីលបាលិស្ទិក និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងជំនួយ ចាប់តាំងពីឆ្នាំ២០០៦មក។
លោក គីម កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈដែលសមាជិកសភាកូរ៉េខាងត្បូង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីប ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងកិច្ចប្រជុំសាធារណៈនៃក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ស្តីពីការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងជើងនេះ ប៉ុន្តែខ្លួនមិនបានព្យាយាមរារាំងកិច្ចប្រជុំនោះទេកាលពីថ្ងៃព្រហស្បតិ៍។
ប្រទេសចិនបានបរាជ័យបួនដងក្នុងចន្លោះឆ្នាំ២០១៤ និង២០១៧ ក្នុងការបញ្ឈប់ការប្រជុំជាសាធារណៈលើបញ្ហានេះផងដែរ៕

