កាលពីថ្ងៃពុធ (១៦ សីហា) ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក បានដាក់បម្រាមចំពោះកម្មវិធីវីដេអូកម្សាន្ត TikTok ទៅលើឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយលើកឡើងពីកង្វល់សុវត្ថិភាព ដោយចូលរួមជាមួយទីក្រុង និងរដ្ឋមួយចំនួនទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាកការរឹតត្បិតលើកម្មវិធីចែករំលែកវីដេអូខ្លីមួយនេះ។

កម្មវិធី TikTok ដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកជាង ១៥០លាននាក់ និងគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ឈ្មោះ ByteDance បានប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើងពីសមាជិកសភាសហរដ្ឋអាមេរិក សម្រាប់ការហាមឃាត់ទូទាំងប្រទេស ជុំវិញការព្រួយបារម្ភអំពីឥទ្ធិពលរបស់រដ្ឋាភិបាលចិន ដែលអាចកើតមានក្នុងសហរដ្ឋអាមេរិក។

ទីភ្នាក់ងារជាច្រើនរបស់ទីក្រុងញូវយ៉ក តម្រូវឱ្យលុបកម្មវិធីនេះក្នុងរយៈពេល៣០ថ្ងៃ ហើយបុគ្គលិកនឹងបាត់បង់សិទ្ធិក្នុងការចូលប្រើកម្មវិធី និងគេហទំព័ររបស់កម្មវិធីបណ្ដាញសង្គមមួយនេះនៅលើឧបករណ៍ និងបណ្តាញដែលគ្រប់គ្រងដោយទីក្រុង។ រដ្ឋញូវយ៉ក ធ្លាប់បានដាក់បម្រាមកម្មវិធី TikTok នៅលើឧបករណ៍ចល័តដែលចេញដោយរដ្ឋ រួចមកហើយ។
ក្រុមហ៊ុន TikTok បាននិយាយថា ខ្លួនមិនបានចែករំលែក ហើយនឹងមិនចែករំលែកទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកណាមួយ ជាមួយរដ្ឋាភិបាលចិនឡើយ ហើយបានចាត់វិធានការជាច្រើនដើម្បីការពារឯកជនភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់កម្មវិធី TikTok ផងដែរ។ បណ្ដារដ្ឋ និងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិក បានដាក់ការរឹតបន្តឹងលើកម្មវិធីវីដេអូកម្សាន្ត TikTok ចំពោះឧបករណ៍រដ្ឋាភិបាលជាច្រើន៕