កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រកាសនៅថ្ងៃនេះពីការរកឃើញមនុស្ស ២០នាក់ទៀតបានឆ្លងមេរោគកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ការធ្វើតេស្តលើសំណាកកាលពីថ្ងៃម្សិលមិញនេះ បានរកឃើញអ្នកភូមិ ៧នាក់នៅក្នុងស្រុកឧដុង្ត ឆ្លងមេរោគកូវីដ-១៩ បន្ទាប់មករកឃើញអ្នកភូមិ ៩នាក់ទៀតឆ្លងមេរោគកូវីដ-១៩ នៅស្រុកសំរោង។
ចំណែកឯស្រុកថ្ពង រដ្ឋបាលខេត្តនេះបញ្ជាក់ថា បានរកឃើញអ្នកភូមិ ២នាក់ទៀតឆ្លងមេរោគកូវីដ-១៩ផងដែរ ខណៈមួយករណីទៀតរកឃើញនៅស្រុកគង់ពិសី ហើយមួយករណីទៀត ត្រូវបានរកឃើញលើពលរដ្ឋមកពីស្រុកអង្គស្នួល ខេត្តកណ្ដាល។
រដ្ឋបាលខេត្តនេះក៏បានឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ៧នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយផងដែរ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១១៧ករណីហើយនៅត្រឹមថ្ងៃនេះ៕អត្ថបទ ៖ សុធី
