សហរដ្ឋអាមេរិក បានសន្យាបង្កើតយុគសម័យថ្មី ក្នុងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ខ្លួន នៅអាស៊ី ខណៈតំបន់នេះ ព្យាយាមដោះស្រាយការគំរាមកំហែងបង្កឡើងដោយប្រទេសចិនដ៏ពិតប្រាកដដែលកំពុងកើនឡើង និងពីប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

លោក Joe Biden ត្រូវបានគេរំពឹងថានឹងទាញយកផលប្រយោជន៍ពីការបន្ទន់ឥរិយាបថថ្មីនេះក្នុងទំនាក់ទំនងរវាង ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់ទីតាំងដល់ទាហានអាមេរិករាប់ម៉ឺននាក់ ដើម្បីប្រកាសកិច្ចសហប្រតិបត្តិការថ្មី លើបច្ចេកវិទ្យា និងការពារមីស៊ីល នៅពេលដែលលោក ជួបមេដឹកនាំទាំងពីរ នៅថ្ងៃសុក្រនេះ។

លោក Biden នឹងទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅវិមានសម្រាកលំហែ Camp David សម្រាប់ជំនួបកំពូលតែមួយលើកដំបូង ដែលមន្ត្រីសហរដ្ឋអាមេរិក និយាយថា នឹងជំរុញទស្សនៈរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក សេរី និងបើកចំហរ។
លោក Kurt Campbell អ្នកសម្របសម្រួលនៅសេតវិមាន សម្រាប់កិច្ចការរតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិយាយថាទំនាក់ទំនងទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ នឹងជាការកំណត់ទំនាក់ទំនងត្រីភាគីសម្រាប់សតវត្សរ៍ទី២១នេះ ក្នុងពេលមានរបាយការណ៍ថា ជំនួបកំពូលនឹងបង្កើតគំនិតផ្តួចផ្តើម លើកិច្ចសហប្រតិបត្តិការដែលត្រូវពង្រីក ស្តីពីការការពារមីស៊ីលបាលីស្ទីក សមយុទ្ធយោធារួមគ្នា និងបណ្តាញខ្សែទូរស័ព្ទទាន់ហេតុការណ៍សន្តិសុខត្រីភាគី។