ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចង់ពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងកិច្ចប្រជុំកំពូលមួយនៅថ្ងៃសុក្រនេះ ប៉ុន្តែការត្រៀមខ្លួនរបស់ភាគីទាំងពីរក្នុងការដោះស្រាយបញ្ហាយប្រឈម នឹងត្រូវបានសាកល្បងនៅពេលដែលទីក្រុងតូក្យូ ចាប់ផ្តើមបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងសមុទ្រ។

មន្ត្រីបួនរូបនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូងបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ប្រទេសជប៉ុន បានពន្យារពេលគម្រោងការបញ្ចេញសំណល់ទឹកនេះរួចហើយ ដើម្បីជៀសវាងការញុះញង់ឱ្យមានការប្រឆាំងនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង មុនពេលប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ចូលរួមជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងកិច្ចប្រជុំជាមួយលោក បៃដិន នៅឯវិមានសម្រាលលំហែ Camp David នៅថ្ងៃសុក្រនេះ ។

ការបញ្ចេញចោលសំណល់ទឹកវិទ្យុសកម្ម អាចនឹងធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំកំពូល ដែលសហរដ្ឋអាមេរិក បានប្រកាសថាជាកិច្ចប្រជុំត្រីភាគីជា «ប្រវត្តិសាស្ត្រ» ដែលនឹងផ្តល់ «ការប្រឆាំងដ៏ក្លាហាន» ទល់នឹងគូប្រជែងតំបន់ គឺប្រទេសចិន។ មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បញ្ហានោះបានដាក់សម្ពាធនយោបាយក្នុងស្រុកតិចតួចប៉ុណ្ណោះទៅលើលោក Yoon។
ស្របពេលមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេស រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យបញ្ចេញទឹកសំណល់មានមេរោគនុយក្លេអ៊ែរ នៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី ដែលរងការវាយប្រហារដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិកាលពីខែមីនាឆ្នាំ២០១១៕