រដ្ឋាភិបាលបារាំង បានបើកកិច្ចប្រជុំវិបត្តិមួយកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) ដើម្បីពិភាក្សាអំពីវិធានការដោះស្រាយរលកកម្តៅ ដែលសីតុណ្ហភាពអាចឡើងលើសពី៤០ អង្សាសេនៅចុងសប្តាហ៍នេះ។

ការិយាល័យនេះបានប្រាប់សារព័ត៌មាន AFP ថា មន្ត្រីរាជការជាន់ខ្ពស់មកពីការិយាល័យនាយករដ្ឋមន្ត្រី លោកស្រី Elisabeth Borne ក៏ដូចជាក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម និងក្រសួងដឹកជញ្ជូន បានចូលរួមកិច្ចប្រជុំនេះផងដែរ។
ទីក្រុងប៉ារីស បាននិងកំពុងបង្កើនវិធានការការពារអាកាសធាតុក្តៅនៅរដូវក្តៅនេះ បន្ទាប់ពីកម្ដៅដ៏ខ្លាំង និងចំហេះព្រៃដ៏កាចសាហាវក្នុងឆ្នាំ២០២២មក។ នាយកដ្ឋានចំនួន៧នៃនាយកដ្ឋានទាំង៩៦របស់បារាំងដីគោក បានប្រកាសអាសន្នរួចហើយសម្រាប់ព្យុះរដូវក្តៅ និងកម្ដៅខ្លាំង ហើយនាយកដ្ឋានចំនួន១២ផ្សេងទៀតនឹងចូលរួមប្រកាសអាសន្ននៅថ្ងៃសុក្រនេះ ដោយភាគច្រើននៅក្នុងភាគខាងកើត និងខាងត្បូងនៃប្រទេសបារាំង។
អ្នកជំនាញឧតុនិយមលោកស្រី Christelle Robert មកពី Meteo France បាននិយាយថា នៅចុងសប្តាហ៍ សីតុណ្ហភាពនៅក្នុងតំបន់ Languedoc និងតំបន់ Provence នៅភាគខាងត្បូង អាចកើនឡើងដល់៤១អង្សាសេ។ ក្រុមអ្នកព្យាករណ៍រំពឹងថា សីតុណ្ហភាពខ្ពស់នឹងបន្តដល់ដើមសប្តាហ៍ក្រោយទៀតផងដែរ៕

