ឥណ្ឌា ៖ មន្ត្រីរដ្ឋាភិបាលមួយរូប កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) បាននិយាយថា ភ្លៀងធ្លាក់ឥតឈប់ឈរជាច្រើនថ្ងៃ នៅតំបន់ភ្នំហិម៉ាល័យរបស់ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧២នាក់ ក្នុងសប្តាហ៍នេះ ខណៈដែលខ្យល់មូសុងដ៏ខ្លាំងក្លា បានបង្កឲ្យមានបំណាក់ដី និងទឹកជំនន់ដ៏គំហុក ដែលបានជន់លិចផ្លូវថ្នល់ ហូរនាំអគារលំនៅឋានជាច្រើនខ្នងទៅតាមទឹក និងនាំឲ្យអ្នកស្រុកស្វែងរកទីសុវត្ថិភាព។
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងរដ្ឋតំបន់ភ្នំ Himachal Pradesh កំពុងបំពេញការងារតាមការរយៈការប្រជែងនឹងលក្ខខណ្ឌអាកាសធាតុដ៏លំបាក ដើម្បីជួយសង្គ្រោះមនុស្ស ដែលជាប់នៅក្នុងល្បាប់ភក់ និងកម្ទេចកម្ទីពីភ្លៀង ដែលបានកើតមាន កាលពីចុងសប្តាហ៍។ នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បានដាក់រដ្ឋឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយរំពឹងថា នឹងមានភ្លៀងបន្តធ្លាក់ខ្លាំង ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ។
ផ្លូវរាប់រយខ្សែ នៅតែត្រូវផ្អាកដំណើរការ ហើយមានការបញ្ជាឲ្យបិទសាលារៀន នៅក្នុងរដ្ឋធានី Shimla ខណៈដែលកងកម្លាំងអាកាសឥណ្ឌា និងក្រុមឆ្លើយតបគ្រោះមហន្តរាយជួយជម្លៀសប្រជាជនចេញពីតំបន់ទំនាប និងតំបន់ងាយរងគ្រោះ។ រដ្ឋមន្ត្រីប្រចាំរដ្ឋលោក Sukhvinder Singh Sukhu បាននិយាយថា មនុស្សជាង ២.០០០នាក់ ត្រូវបានជួយសង្គ្រោះដោយប្រើឧទ្ធម្ភាគចក្រ និងម៉ូតូ ហើយឥឡូវនេះ អ្នកទាំងនោះ មានសុវត្ថិភាព នៅឯជំរំសង្គ្រោះ។
គ្រោះមហន្តរាយដែលបណ្តាលមកពីបំណាក់ដី និងទឹកជំនន់ គឺជារឿងធម្មតាទៅហើយ នៅភាគខាងជើងតំបន់ភ្នំហិម៉ាល័យរបស់ប្រទេសឥណ្ឌានេះ អំឡុងរដូវខ្យល់មូសុង ចាប់ពីខែមិថុនា ដល់ខែកញ្ញា ហើយអ្នកវិទ្យាសាស្ត្រនិយាយថា គ្រោះធម្មជាតិនេះ នឹងកើតមានកាន់តែញឹកញាប់ នៅពេលដែលកម្ដៅផែនដីឡើងក្ដៅកាន់តែខ្លាំង។ តែអ្នកជំនាញក្នុងតំបន់ លើកឡើងថា គ្រោះមហន្តរាយ នាពេលបច្ចុប្បន្ននេះ ទំនងជាដោយសារតែការសាងសង់មិនបានគ្រោងទុក នៅក្នុងតំបន់ដែលងាយរងគ្រោះនេះ៕

