រុស្ស៊ី ៖ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយនៅថ្ងៃសុក្រ (១៨ សីហា) នេះថា កងនាវាចម្បាំងរុស្ស៊ី និងចិន កំពុងធ្វើការល្បាតដែនសមុទ្ររួមគ្នានៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលពាក់ព័ន្ធនឹងការហ្វឹកហ្វឺនជួយសង្គ្រោះ និងសមយុទ្ធសម្រាប់ទប់ទល់នឹងការវាយប្រហារតាមអាកាស។
ក្រសួងការពារជាតិបាននិយាយថា សមយុទ្ធនេះក៏រួមបញ្ចូលផងដែរនូវការអនុវត្ត «ការចាក់ប្រេងឥន្ធនៈបំរុងដោយនាវា និងការផ្ទេរគ្រឿងយុទ្ធោបករណ៍នៅពេលកំពុងធ្វើដំណើរ» ដោយបន្ថែមថា ការល្បាតរួមគ្នានេះបានគ្របដណ្តប់លើចម្ងាយជាង៦.៤០០ម៉ាយល៍ ចាប់តាំងពីការចាប់ផ្តើមនៃសមយុទ្ធមក។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា «ក្នុងអំឡុងពេលនេះ ក្រុមនាវិកនៃប្រទេសទាំងពីរបានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក ការវាយលុកតាមអាកាសដោយសត្រូវសប្បនិមិ្មត ធ្វើការហ្វឹកហ្វឺនជួយសង្គ្រោះនៅសមុទ្រ ព្រមទាំងពង្រឹងបន្ថែមនូវជំនាញការហោះហើរ និងចុះចតឧទ្ធម្ភាគចក្រនៅលើនាវាចម្បាំងផងដែរ»។
ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាន់តែមានភាពស្និទ្ធស្នាលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈការប្រយុទ្ធគ្នាដ៏អូសបន្លាយក្នុងប្រទេសអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរបស់រុស្ស៊ី និងរដ្ឋាភិបាលលោកខាងលិចបែកបាក់៕

