នីហ្សេរីយ៉ា ៖ យោធានីហ្សរីយ៉ា បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទាហានសរុបចំនួន៣៦នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅក្នុងការពួនស្ទាក់វាយដោយក្រុមភេរវករ និងការធ្លាក់ឧទ្ធម្ភាគចក្រយោធានៅរដ្ឋ Niger ភាគកណ្តាលនៃប្រទេសនីហ្ស៊េរីយ៉ា។
លោក Edward Buba អ្នកនាំពាក្យយោធាបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋធានី Abuja ប្រទេសនីហ្សេរីយ៉ា ថា ក្រុមកងទ័ពត្រូវបានស្ទាក់វាយដោយពួកភេរវករនៃក្រុមមិនស្គាល់អត្តសញ្ញាណកាលពីថ្ងៃច័ន្ទ នៅជិតទីក្រុង Zungeru នៃរដ្ឋ Niger ហើយទាហានមួយចំនួនត្រូវបានសម្លាប់ក្នុងអំឡុងពេលការបាញ់ប្រហារនោះ។
លោក Buba បាននិយាយថា ឧទ្ធម្ភាគចក្រយោធាដែលប្រើដើម្បីជម្លៀសអ្នករងគ្រោះ ត្រូវបានរកឃើញថាបានធ្លាក់នៅជិតទីតាំងប្រយុទ្ធនោះ ដោយបានធ្វើឲ្យចំនួនអ្នកស្លាប់កាលពីថ្ងៃច័ន្ទនៃក្រុមទាហាននោះ បានកើនឡើងដល់៣៦នាក់។
លោកបាននិយាយថា មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ពីមូលហេតុ។
ការវាយប្រហាររបស់ខ្មាន់កាំភ្លើងជាបន្តបន្ទាប់ បានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងផ្នែកខ្លះនៃប្រទេសអាហ្វ្រិក ដែលមានប្រជាជនច្រើនបំផុត ដោយបណ្តាលឱ្យមានជនស៊ីវិល និងសមាជិកនៃកងកម្លាំងសន្តិសុខស្លាប់ជាច្រើននាក់៕


