ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលរំដោះអ្នកទោសនៅខេត្តសៀមរាបកាលពីម្សិលមិញ ត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ នៅក្នុងរាជធានីភ្នំពេញ។
ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា ក្រោយមានករណីរំដោះអ្នកទោសនៅខេត្តសៀមរាប មកដល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានក្រុមឧក្រិដ្ឋជនមួយចំនួនហើយ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនដែលនគរបាលចាប់ខ្លួនបានទាំងនោះ មានចំនួន ៦នាក់ដែលនគរបាលចាប់ខ្លួនបាននៅគោលដៅចំនួន២ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី១៧ សីហា នគរបាលចាប់ខ្លួនបាន៤នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន២នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។
សូមជម្រាបថា ករណីរំដោះអ្នកទោសនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយឧក្រិដ្ឋមួយក្រុមបើកបររថយន្ត Lexus ទៅរំដោះអ្នកទោសគ្រឿងញៀនជាជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅគ្លីនិកព្យាបាលធ្មេញមួយកន្លែង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួន ដោយបន្សល់អាវុធខ្លីជាច្រើនដើម និងសម្ភារៈមួយចំនួនក្នុងរថយន្ត។ ចំពោះអ្នកទោសគ្រឿងញៀនជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជាមេក្លោងជួញដូរគ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាប កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៥២ឆ្នាំ កាលពីឆ្នាំ២០០៩៕



