
អាកាសយានិកក្រុមហ៊ុនអាកាសចរណ៍ម្នាក់បានស្លាប់ បន្ទាប់ពីដួលនៅក្នុងបន្ទប់ទឹកនៃជើងហោះហើរពីទីក្រុង Miami រដ្ឋ Florida ទៅកាន់ប្រទេសឈីលី ដោយមានដឹកអ្នកដំណើរ២៧១នាក់។
សារព័ត៌មាន Simple Flying បានរាយការណ៍ថា លោក កាពីទែន Ivan Andaur បានចាប់ផ្តើមមិនស្រួលខ្លួនរយៈពេល៣ម៉ោងនៅក្នុងជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ LATAM ពីរដ្ឋ Florida ទៅកាន់ទីក្រុង Santiago ហើយក្រោយមកបានដួលនៅក្នុងបន្ទប់ទឹក ដែលលោកបានទទួលការព្យាបាលសង្គ្រោះបន្ទាន់ពីក្រុមយានិក។
ជើងហោះហើរបានចំណាយពេល៣០នាទីដើម្បីបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋាន Tocumen ទីក្រុងរបស់ប្រទេសប៉ាណាម៉ា ហើយអ្នកឆ្លើយតបដំបូង បានប្រកាសថា លោក Andaur អាកាសយានិកជំនាញម្នាក់អាយុ២៥ឆ្នាំ បានស្លាប់នៅពេលយន្តហោះបានចុះចត។
ក្រុមហ៊ុនអាកាសចរណ៍ LATAM បានរាយការណ៍ថាជើងហោះហើរ LA505 កាលពីម្សិលមិញ ដែលក្នុងផ្លូវធ្វើដំណើរពីទីក្រុងMiami ទៅកាន់ទីក្រុង Santiago ត្រូវចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tocumen ក្នុងប្រទេសប៉ាណាម៉ា ដោយសារតែការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រសម្រាប់សមាជិកម្នាក់ក្នុងចំណោម៣នាក់នៃក្រុមយានិកបញ្ជា។ ក្រុមហ៊ុនអាកាចរណ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅពេលយន្តហោះបានចុះចត អង្គភាពសេវាសង្គ្រោះបន្ទាន់បានផ្តល់ជំនួយសង្គ្រោះជីវិត ប៉ុន្តែអាកាសយានិករូបនេះ បានស្លាប់បាត់ទៅហើយ។
បន្ទាប់ពីឧបទ្ទវហេតុ ជើងហោះហើរបានចាកចេញពីប្រទេសប៉ាណាម៉ា និងបានបន្តទៅកាន់ប្រទេសឈីលី។