
អាជ្ញាធរម៉ិកស៊ិក បានរកឃើញបំណែកដែលឆេះនៃសាកសពមនុស្សចំនួន ៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) ខណៈដែលនៅតែបន្តស្វែងរកយុវជន ៥ នាក់ដែលបានបាត់ខ្លួន កាលពីសប្តាហ៍មុន ដោយដំណើរការស្វែងរកមិនទាន់ឃើញនេះ ជំរុញឲ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់ជនរងគ្រោះចង់បានចម្លើយពាក់ព័ន្ធនឹងករណីនេះ។
បាតុកម្មដើម្បីទាមទារចម្លើយ ត្រូវបានធ្វើឡើង នៅភាគខាងលិចរដ្ឋ Jalisco កាលពីថ្ងៃអង្គារ (ទី១៥ ខែសីហា) បន្ទាប់ពីយុវជន ៥នាក់ ដែលមានអាយុចន្លោះពី ១៩ ទៅ ២២ឆ្នាំ បានបាត់ខ្លួន កាលពីថ្ងៃទី១១ ខែសីហា។
យុវជនទាំងនោះ បានចូលរួមការតាំងពិព័រណ៍ប្រចាំឆ្នាំ នៅទីក្រុង Lagos de Moreno ហើយត្រូវបានគេឃើញចុងក្រោយ នៅទីកន្លែងមើល San Miguel របស់ទីក្រុងនេះ។
ការិយាល័យរដ្ឋអាជ្ញារបស់រដ្ឋ Jalisco កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) បានប្រកាសថា ខណៈពេលកំពុងស្វែងរកយុវជនទាំងនេះ អាជ្ញាធរបានបិទកសិដ្ឋានមួយ ដែលពួកគេបានរកឃើញបំណែកសាកសពមនុស្ស ៤នាក់ ដែលត្រូវបានដុត។ តែទោះយ៉ាងណា គេនៅមិនទាន់បានបញ្ជាក់ថា តើអ្នកទាំងនេះ ជាជនរងគ្រោះដែលបាត់ខ្លួននោះ ឬយ៉ាងណា៕