
ក្រុមហ៊ុន Evergrande Group របស់ប្រទេសចិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលដ៏ច្រើនបំផុតរបស់ពិភពលោក និងដែលជាដើមហេតុឲ្យមានវិបត្តិអចលនទ្រព្យរបស់ប្រទេសនោះ បានដាក់ពាក្យបណ្តឹងការការពារក្ស័យធន នៅតុលាការរបស់សហរដ្ឋអាមេរិក។
ក្រុមហ៊ុនបានស្វែងរកការការពារនេះ ក្រោមជំពូកទី១៥ នៃច្បាប់ក្ស័យធនរបស់សហរដ្ឋអាមេរិក ដែលការពារទ្រព្យសម្បត្តិ នៅសហរដ្ឋអាមេរិករបស់ខ្លួន ខណៈពេលក្រុមហ៊ុន ព្យាយាមឲ្យមានកិច្ចព្រមពន្យាការសងបំណុល។ ច្បាប់នេះក៏ផ្តល់ផងដែរនូវយន្តការ ដើម្បីដោះស្រាយករណីក្ស័យធន ដែលពាក់ព័ន្ធនឹងប្រទេសច្រើនជាងមួយ។
សូមបញ្ជាក់ដែរថា Evergrande ដែលធ្លាប់ជាក្រុមអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ចិន នៅឆ្នាំ២០២១ ត្រូវបានគេរកឃើញថា កំប្រឹងប្រែងដោះស្រាយការជំណាក់បំណុលជាង ៣០០ពាន់លានដុល្លារ ខណៈដែលមន្ត្រីរដ្ឋាភិបាល បានរឹតបន្តឹងការត្រួតពិនិត្យលើវិស័យអចលនទ្រព្យ។ វិបត្តិទ្រព្យសកម្មរបស់ក្រុមហ៊ុន មិនយូរប៉ុន្មានបានក្លាយទៅជាសញ្ញានៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេស។
ការព្រួយបារម្ភពីការដួលរលំរបស់ក្រុមហ៊ុន Evergrande ក្នុងឆ្នាំ២០២១ បានធ្វើឲ្យមានផលប៉ះពាល់ដល់ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី២របស់ពិភពលោក។ ក្នុងឯកសារចុងក្រោយបង្អស់ នៅទីក្រុងញូវយ៉ក ក្រុមហ៊ុន Tianji Holding និង Scenery Journey ជាសាខាដែលក្រុមហ៊ុន Evergrande កាន់កាប់ចុងក្រោយបង្អស់ ក៏បានដាក់ពាក្យបណ្តឹងសុំការពារជំពូកទី១៥ នេះផងដែរ៕