
ប្រធានគ្រប់គ្រងគ្រាអាសន្នកោះ Maui នៃរដ្ឋ Hawaii បានលាលែងពីតំណែង កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) ពោលគឺមួយថ្ងៃបន្ទាប់ពីរូបលោក បាននិយាយការពារការណ៍ដែលមិនឲ្យប្រើស៊ីរ៉ែនប្រកាសអាសន្ន អំឡុងពេលចំហេះព្រៃដ៏មហន្តរាយនៅដើមខែនេះ។
លោក Herman Andaya ត្រូវបានអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយ រិះគន់ចំពោះការឆ្លើយតបរបស់កោះនេះ ចំពោះចំហេះព្រៃនេះ ដោយអ្នកខ្លះបាននិយាយថា មនុស្សបន្ថែមទៀត នឹងត្រូវបានសង្គ្រោះ ប្រសិនបើសំឡេងស៊ីរ៉ែន បន្លឺឡើង។
តែទោះជាយ៉ាងណាក៏ដោយ លោកបានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ស៊ីរ៉ែននឹងមិនមានប្រសិទ្ធភាពទេ ហើយនិងបង្កឲ្យការភ័ន្តច្រឡំ ព្រោះសំឡេងស៊ីរ៉ែន ត្រូវបានប្រើជាចម្បង សម្រាប់ការព្រមានអំពីរលកយក្សស៊ូណាមិប៉ុណ្ណោះ ហើយអាចនឹងនាំឲ្យមនុស្សរត់ទៅឆ្ងាយពីមហាសមុទ្រ និងរត់ចូលទៅក្នុងតំបន់ភ្នំនៃកោះ ជាទីដែលភ្លើងកំពុងឆេះ។
ហេតុការណ៍ទាំងអស់កើតមានឡើងជាងមួយសប្តាហ៍ បន្ទាប់ពីអគ្គិភ័យ បានសម្លាប់មនុស្សជាង ១០០នាក់ និងរាប់រយនាក់ទៀត នៅមិនទាន់រាប់បញ្ចូល។ អគារជាង ២.០០០ខ្នង ក៏ត្រូវបានឆេះបំផ្លាញផងដែរ ដែលបណ្តាលឲ្យមានការខូចខាតរាប់ពាន់លានដុល្លារ។
យោងតាមសេចក្តីថ្លែងការណ៍របស់តំបន់ Maui បានឲ្យដឹងថា លោក Andaya បានលើកពីហេតុផលពាក់ព័ន្ធនឹងសុខភាព សម្រាប់ការដាក់ស្នើលាលែងពីតួនាទីរបស់លោកនេះ៕