
ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬ UN នៅថ្ងៃសុក្រ(ទី១៨ ខែសីហា) នេះ បាននិយាយថា មិនមានមូលដ្ឋានច្បាប់ ដើម្បីឲ្យរបបយោធានីហ្សេ កាត់ទោសប្រធានាធិបតី ដែលត្រូវបានទម្លាក់ចេញពីតំណែង លោក Mohamed Bazoum ពីបទក្បត់ជាតិ ដោយនិយាយថា «សញ្ញាណដ៏ជាក់លាក់នៃសេរីភាព» ក្នុងប្រទេសនេះ កំពុងស្ថិតក្នុងហានិភ័យ។
របបយោធាដែលបានដណ្តើមអំណាច ក្នុងរដ្ឋប្រហារ កាលពីខែមុន បាននិយាយថា ខ្លួននឹងកាត់ទោសលោក Bazoum ពីបទក្បត់ជាតិធ្ងន់ធ្ងរ ជុំវិញការផ្លាស់ប្តូររបស់លោក ជាមួយប្រមុខរដ្ឋបរទេស និងអង្គការអន្តរជាតិ ដែលជំរុញឲ្យមានការថ្កោលទោសពីសហរដ្ឋអាមេរិក និងមេដឹកនាំអាហ្វ្រិកខាងលិច។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការសម្រេចចិត្តនេះ មិនត្រឹមតែមានហេតុផលនយោបាយប្រឆាំងនឹងប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមិនមានមូលដ្ឋានផ្លូវច្បាប់ទៀតផង ដោយសារដំណើរការធម្មតានៃស្ថាប័នប្រជាធិបតេយ្យត្រូវបានទម្លាក់ចោល»។
លោក Turk ដែលបានអំពាវនាវឲ្យមានការដោះលែងលោក Bazoum ជាបន្ទាន់ បានបន្ថែមថា រដ្ឋប្រហារនៅនីហ្សេ ដែលជាលើកទី៦ នៅក្នុងតំបន់ ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ កំពុងមានបញ្ហាយ៉ាងធ្ងន់ធ្ងរ៕