
ទីភ្នាក់ងារមួយរបស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកសេវាកម្ម នៅជំរំជនភៀសខ្លួនប៉ាឡេស្ទីនដ៏ធំបំផុត ក្នុងប្រទេសលីបង់ ដើម្បីតវ៉ាប្រឆាំងនឹងវត្តមានរបស់យុទ្ធជនប្រដាប់អាវុធ នៅជុំវិញសាលារៀន និងកន្លែងផ្សេងទៀត នៅក្នុងតំបន់នោះ។
ការប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់នោះ បានផ្ទុះឡើងនៅជំរំ Ain el-Hilweh ( អេន អែល-ហ៊ីលវ៉េ) កាលពីខែមុន បន្ទាប់ពីខ្មាន់កាំភ្លើងអ៊ីស្លាមនិយម បានព្យាយាមធ្វើឃាត លោក Mahmoud Khalil មេដឹកនាំចលនាយោបាយប៉ាឡេស្ទីន Fatah ដោយបង្ខំមនុស្សរាប់រយនាក់រត់ភៀសខ្លួន។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅដើមបូព៌ា (UNRWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទីភ្នាក់ងារមិនអាចអត់ទ្រាំបាននឹងសកម្មភាព ដែលបំពានលើភាពមិនអាចរំលោភបំពានបាន និងអព្យាក្រឹតភាពនៃទីតាំងរបស់ជំរំនោះឡើយ»។
ទីភ្នាក់ងារ បានបន្ថែមថា សាលារៀននៅក្នុងជំរំ ទំនងជាមិនអាចបើកឲ្យក្មេងៗចំនួន ៣.២០០នាក់ចូលរៀន នៅដើមឆ្នាំសិក្សាថ្មីនោះទេ។
សូមបញ្ជាក់ថា ជនភៀសខ្លួនប្រហែល ៤០០.០០០នាក់ រស់នៅក្នុងជំរំប៉ាឡេស្ទីនចំនួន ១២កន្លែងរបស់ប្រទេសលីបង់ ដែលមានតាំងពីសង្រ្គាមឆ្នាំ១៩៤៨ រវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់៕