កាលពីថ្ងៃសុក្រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នានៅវិមានលំហែកាយ Camp David ដើម្បីធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងយោធា និងសេដ្ឋកិច្ច ព្រមទាំងថ្កោលទោសរួមគ្នាយ៉ាងម៉ឺងម៉ាត់ចំពោះអាកប្បកិរិយាដ៏គ្រោះថ្នាក់ និងបំពសរបំពាន ធ្វើឡើងពីសំណាក់ប្រទេសចិននៅសមុទ្រចិនខាងត្បូង។
រដ្ឋបាលរបស់លោក Biden បានរៀបចំជំនួបកំពូលជាមួយមេដឹកនាំនៃសម្ព័ន្ធមិត្តសំខាន់ៗរបស់អាមេរិកនៅអាស៊ី មានប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងគោលបំណងបង្ហាញពីការរួបរួមក្នុងការប្រឈមមុខទៅនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនៃជំនួបកំពូល ប្រទេសទាំងបីបានប្តេជ្ញាពិភាក្សាគ្នាភ្លាមៗក្នុងអំឡុងពេលមានវិបត្តិ និងសម្របសម្រួលការឆ្លើយតបចំពោះបញ្ហាប្រឈមក្នុងតំបន់ ការបង្កហេតុ និងការគំរាមកំហែងដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍រួម។ សេចក្តីថ្លែងការណ៍បាននិយាយថា ទាក់ទងនឹងអាកប្បកិរិយាដ៏គ្រោះថ្នាក់ និងបំពារបំពាន គាំទ្រដល់ការទាមទារដែនសមុទ្រដោយខុសច្បាប់ ដែលយើងបានឃើញនាពេលថ្មីៗនេះដោយសាធារណៈរដ្ឋប្រជាមានិត្យចិន (PRC) នៅក្នុងសមុទ្រចិនខាងត្បូង យើងជំទាស់ដាច់ខាតចំពោះការប៉ុនប៉ងជាឯកតោភាគីណាមួយដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅក្នុងដែនទឹកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក Biden បាននិយាយថា ជំនួបនេះ ពុំមែននិយាយអំពីប្រទេសចិននោះទេ ប៉ុន្តែបញ្ហាប្រទេសចិន ពិតជាត្រូវលើកឡើង។ ប្រទេសទាំងបី បានព្រមព្រៀងធ្វើសមយុទ្ធបណ្តុះបណ្តាលយោធាត្រីភាគីជារៀងរាល់ឆ្នាំ និងចែករំលែកព័ត៌មានពេលវេលាជាក់ស្តែងអំពីការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនៅចុងឆ្នាំ ២០២៣នេះ។