ប្លុកតំបន់អាហ្រ្វិកខាងលិចឬ ECOWAS កាលពីថ្ងៃសុក្រ បាននិយាយថា ខ្លួនបានព្រមព្រៀងចំពោះទិវាជ័យជម្នះ «D-Day» សម្រាប់ការធ្វើអន្តរាគមន៍យោធាដែលអាចកើតមានដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនីហ្សេឡើងវិញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតបរាជ័យ។ ព័ត៌មាននេះកើតមានឡើងនៅចុងបញ្ចប់នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ រវាងក្រុមមេទ័ពអាហ្រ្វិកខាងលិចនៅទីក្រុង Accra ប្រទេសហ្គាណា ជាទីដែលយុទ្ធសាស្រ្តនានាជុំវិញការប្រើប្រាស់កម្លាំង ដែលអាចធ្វើទៅបាន នៅក្នុងប្រទេសនីហ្សេ ត្រូវបានពិភាក្សា។ លោក Abdel-Fatau Musah ស្នងការប្លុកតំបន់អាហ្រ្វិកខាងលិច (ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខបាននិយយាថា ប្លុកតំបន់អាហ្រ្វិកខាងលិចឬ ECOWAS បានលើកឡើងថា សកម្មភាពបែបនេះនឹងជាមធ្យោបាយចុងក្រោយ។ រដ្ឋសមាជិកទាំងអស់របស់ ECOWAS មានវត្តមាននៅទីនេះ បានប្តេជ្ញាចំពោះឧបករណ៍ដែលមានផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេបានប្តេជ្ញាចិត្តចំពោះធនធានដែលមានផ្ទាល់ខ្លួនដើម្បីបំពេញបេសកកម្មនេះ។ ដូច្នេះខ្ញុំសូមប្រាប់អ្នកថា យើងត្រៀមខ្លួនជាស្រេចដើម្បីទៅទៅនោះគ្រប់ពេលដែលមានបទបញ្ជា។ លោក Musah និយាយថា ដំណោះស្រាយដោយសន្តិវិធីនៅតែជាជម្រើសដែលគាប់ប្រសើរ ប៉ុន្តែបានបញ្ជាក់ថា ប្លុកនេះនឹងមិនចូលរួមក្នុងកិច្ចសន្ទនាដែលគ្មានទីបញ្ចប់ជាមួយរបបយោធានេះទេ។ ECOWAS បានប្រកាន់ជំហររឹងមាំលើរដ្ឋប្រហារប្រទេសនីហ្សេ ជាងកាលពីពេលមុនៗ។ វាជាលើកទី៧សម្រាប់តំបន់ដ៏ទូលំទូលាយក្នុងរយៈពេលបីឆ្នាំមកនេះ ហើយភាពជឿជាក់នៃប្លុកនេះគឺស្ថិតនៅក្នុងហានិភ័យ ដូចដែលធ្លាប់បាននិយាយថា ខ្លួននឹងមិនអាចអត់ឱនដល់ការផ្តួលរលំបន្ថែមទៀតនោះទេ។ លោក Musah និយាយថា យើងមានបំណងត្រលប់ទៅរកប្រក្រតីភាពនៃរដ្ឋធម្មនុញ្ញ ហើយការសម្រេចចិត្តគឺថារដ្ឋប្រហារនៅប្រទេសនីហ្សេ គឺជារដ្ឋប្រហារមួយ ដែលកើតមានច្រើនពេកសម្រាប់តំបន់នេះ ហើយយើងនឹងបញ្ឈប់វានៅពេលនេះ។ ការធ្វើអន្តរាគមន៍ណាមួយ អាចមានន័យថាមានភាពចលាចលបន្ថែមទៀតសម្រាប់តំបន់ Sahel ដែលក្រីក្រក្រីក្ររបស់អាហ្វ្រិកខាងលិច ដែលកំពុងប្រយុទ្ធប្រឆាំងការបះបោរអ៊ីស្លាមនិយមដែលមានអាយុកាលមួយទសវត្សរ៍មកហើយ និងវិបត្តិភាពអត់ឃ្លានកាន់តែធ្លាក់ជ្រៅ។