ខណៈចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃនៅរដ្ឋហាវ៉ៃ នៅតែបន្តកើនឡើង ពលរដ្ឋបានសម្តែងការមិនពេញចិត្តរបស់ពួកគេចំពោះការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាល ដោយនិយាយថា នាយកដ្ឋានពាក់ព័ន្ធមិនបានបញ្ជូនរថយន្តពន្លត់អគ្គីភ័យភ្លាមៗនោះទេ ហើយក៏មិនមានប្រកាសប្រព័ន្ធភាពអាសន្នទាន់ពេលវេលានោះដែរ។ អគ្គីភ័យដែលបានចាប់ផ្តើមកាលពីថ្ងៃទី៨ ខែសីហានៅកោះ ម៉ូអ៊ី(Maui) បានបណ្តាលឲ្យមនុស្ស ១១១ នាក់ស្លាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍ដោយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងខណៈការស្វែងរកនៅតែបន្ត។ ការងារបោសសម្អាត និងពិនិត្យមើល កំពុងធ្វើឡើងនៅតំបន់ Lahaina ជាតំបន់ដែលរងគ្រោះខ្លាំងបំផុតដោយចំហេះព្រៃ។ ពលរដ្ឋ និងអ្នកទេសចររាប់ពាន់នាក់ដែលត្រូវបានជម្លៀសចេញពីតំបន់ Lahaina នៅតែរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ ពលរដ្ឋជាច្រើនបាននិយាយថា មូលហេតុនៃអគ្គិភ័យនៅភាគខាងលិចកោះ Maui រួមទាំងតំបន់ Lahaina នៅតែមិនទាន់ច្បាស់នៅឡើយ។ ប៉ុន្តែមនុស្សជាច្រើនមានការខកចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយតបមិនបានទាន់ពេលដែលបណ្តាលឱ្យមានមនុស្សស្លាប់និងរងរបួសច្រើននាក់។ ប្រជាជន បានត្អូញត្អែរពីការឆ្លើយតបពុំមានប្រសិទ្ធភាពរបស់អាជ្ញាធរតំបន់ រួមទាំងរថយន្តពន្លត់អគ្គីភ័យមិនត្រូវបានបញ្ជូនមកភ្លាមៗនោះទេ ហើយបន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យត្រូវបានបញ្ជូនមកពុំមានទឹកសម្រាប់ពន្លត់អគ្គិភ័យនោះដែរ ដែលនេះស្ថិតក្នុងចំណោមការសោកស្ដាយផ្សេងៗទៀត។ ពលរដ្ឋក្នុងតំបន់កំពុងមានកំហឹងចំពោះបញ្ហាដែលប្រព័ន្ធប្រកាសអាសន្ននៅក្នុងតំបន់ Lahaina ទាំងមូលមិនត្រូវបានដំណើរការភ្លាមៗ។ នៅពេលដែលចំហេះព្រៃបានផ្ទុះឡើង ពលរដ្ឋបាននិយាយថា ពួកគេមិនត្រូវបានជម្លៀសចេញនោះទេ ហើយគ្មានសំឡេងស៊ីរ៉ែនព្រមានដែលមានចំនួន ៨០ នៅលើកោះ បានបន្លឺឡើងសម្រាប់ការជម្លៀសនោះដែរ។ កោះ Maui គឺជាកោះធំបំផុតទីពីរនៅរដ្ឋហាវ៉ៃ មានប្រជាជនជាង១សែន នាក់ ហើយតំបន់Lahaina ជាទីក្រុងប្រវត្តិសាស្ត្រនៅលើកោះ Maui មានប្រជាជនប្រមាណ ១៣.០០០នាក់រស់នៅបានមើលឃើញពីការខូចខាតធ្ងន់ធ្ងរបំផុត។