
ពាណិជ្ជករនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃសុក្រ បានតវ៉ា នៅក្នុងរដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសដើម្បី ប្រឆាំងការឡើងតម្លៃប្រេងសាំង និងអគ្គិសនី។
ក្រសួងហិរញ្ញវត្ថុ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ប្រទេសប៉ាគីស្ថាន បានប្រកាសពីការកើនឡើងបន្ថែមទៀតនូវតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ដែលកើនឡើងលឿនកាលពីថ្ងៃអង្គារ ជាការឡើងថ្លៃលើកទីពីរក្នុងរយៈពេលមួយខែនេះ។
ក្នុងអំឡុងពេលនៃការតវ៉ាកាលពីថ្ងៃសុក្រនៅទីក្រុង Karachi ក្រុមពាណិជ្ជករបានស្រែកពាក្យប្រឆាំងរដ្ឋាភិបាល និងបានទាមទារឱ្យដកចេញតម្លៃដែលបានកើនឡើង។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានចាំផ្ទះ លោក Murtaza Solangi បាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលចាំផ្ទះ មិនអាចកាត់បន្ថយតម្លៃនោះបានទេ ដោយសារតែមានកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ។
កាលពីដើមខែនេះ ប្រទេសប៉ាគីស្ថាន បានបង្កើនតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត ដើម្បីបំពេញតាមគោលដៅសារពើពន្ធដែលបានដាក់ចេញក្នុងកិច្ចព្រមព្រៀងជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយធ្វើឱ្យមានអតិផរណាហក់ឡើងខ្ពស់។