ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA រាយការណ៍កាលពីថ្ងៃសុក្រថា យោធារបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានបញ្ចេញយន្តហោះចម្បាំងភ្លាមៗ បន្ទាប់ពីយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក បានរំលោភចូលមកក្នុងតំបន់សេដ្ឋកិច្ចរបស់ខ្លួន នៅឆ្នេរភាគខាងកើត។
អ្នកនាំពាក្យម្នាក់ដែលមិនបញ្ចេញឈ្មោះរបស់នាយសេនាធិការកងទ័ពប្រជាជនកូរ៉េ បាននិយាយនៅក្នុងសេចក្តីរាយការណ៍ថាឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍គឺជា ការបង្កហេតុផ្នែកយោធាដ៏គ្រោះថ្នាក់ ហើយកូរ៉េខាងជើង កំពុងពិចារណាវិធានការដើម្បីទប់ទល់ការលុកលុយនៅពេលអនាគត។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅមុនជំនួបកំពូលកាលពីថ្ងៃសុក្ររបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន។ សមាជិកសភាប្រទេសកូរ៉េខាងត្បូងម្នាក់ ដែលបានដកស្រង់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស បាននិយាយថា ប្រទេសកូរ៉េខាងជើងអាចនឹងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប ឬមានសកម្មភាពយោធាផ្សេងទៀត ដើម្បីប្រឆាំងជំនួបនេះ។
ប្រធានាធិបតី លោក Joe Biden នឹងជួបគ្នានៅឯវិមានលំហែកាយ Camp David ក្នុងរដ្ឋ Maryland ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដោយសង្ឃឹមថានឹងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ក្នុងពេលមានការគំរាមកំហែងនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើង និងក្នុងពេលមានឥទ្ធិពលក្នុងតំបន់របស់ប្រទេសចិនដែលកំពុងកើនឡើង។ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានផែនការចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ១១ថ្ងៃនៅថ្ងៃចន្ទ។