នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ត្រូវបានរាយការណ៍ថា នឹងមានផែនការកោះប្រជុំគណៈរដ្ឋមន្ត្រីនៅដើមសប្តាហ៍ក្រោយ ទាក់ទងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការចាប់ផ្តើមបញ្ចេញទឹកដែលបានសម្លាប់មេរោគនិងធ្វើប្រព្រឹត្តិកម្មរួច ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការនោះ ចូលទៅក្នុងមហាសមុទ្រ។ លោក Kishida និយាយថា លោកនឹងទៅពិនិត្យមើលរោងចក្រនៅថ្ងៃអាទិត្យស្អែកនេះដើម្បីពិនិត្យមើលការត្រៀមរៀបចំសម្រាប់ការបញ្ចេញទឹក។ ប្រភពព័ត៌មានជាច្រើន បាននិយាយថា លោក Kishida ក៏នឹងកោះប្រជុំជាមួយមន្ត្រីជាន់ខ្ពស់នៃសហព័ន្ធជាតិនៃសមាគមសហករណ៍ជលផល និងសមាគមសហប្រតិបតិ្តការជលផលរបស់សហព័ន្ធខេត្ត Fukushima នៅព្រឹកថ្ងៃចន្ទខាងមុខ។ រដ្ឋាភិបាលជប៉ុន មានផែនការពង្រាវទឹកដែលបានធ្វើប្រព្រឹត្តិកម្ម ដើម្បីកាត់បន្ថយកម្រិតទ្រីទីយ៉ូម ដល់កម្រិតប្រហែលមួយភាគប្រាំពីរនៃគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់គុណភាពទឹកទទួលទាន មុនពេលបញ្ចេញទៅក្នុងមហាសមុទ្រ។ កាលពីខែមុន ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា ផែនការបញ្ចេញទឹករបស់ប្រទេសជប៉ុន គឺស្របទៅតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក Nishimura Yasutoshi បានបន្តពន្យល់ដល់ប្រជាជនក្នុងតំបន់អំពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការធានាសុវត្ថិភាព និងមានចំណាត់ការហ្មត់ចត់ដើម្បីការពារការខូចកេរ្តិ៍ឈ្មោះ។ ក្នុងអំឡុង កិច្ចប្រជុំរតបស់គណៈកម្មាធិការរៀបចំសម្រាប់សន្និសីទពិនិត្យឡើងវិញនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ ដែលបានបញ្ចប់ក្នុងខែនេះ ប្រទេសជាង ១០ ដែលតាមសេចក្តីរាយការណ៍ បានបង្ហាញពីការយល់ដឹង និងការគាំទ្ររបស់ពួកគេចំពោះកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយប្រទេសជប៉ុន និងទីភ្នាក់ងារ IAEA អំពីការបញ្ចេញទឹកនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអ្នកនេសាទជប៉ុននៅតែបន្តប្រឆាំងចំពោះផែនការនេះ។ ប្រទេសចិនក៏បានសម្តែងការប្រឆាំងដោយចាត់ទុកទឹកនេះថាជាទឹក «កខ្វក់មានសារធាតុពុល»។ ទីក្រុងប៉េកាំង បានបញ្ជាក់ថា ខ្លួននឹងរឹតត្បិតការនាំចូលផលិតផលនេសាទរបស់ប្រទេសជប៉ុន។