
រុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់អ៊ុយក្រែន Su-25 ខណៈអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារលើប៉ុស្តិ៍ទីបញ្ជាការរបស់រុស្ស៊ី។
យោងតាមរបាយការណ៍ប្រយុទ្ធដែលចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានវាយរុញច្រានការវាយលុករបស់អ៊ុយក្រែននៅក្រុង Kupyansk, Krasny Liman, Donetsk និងគោលដៅផ្សេងទៀត ដោយវាយតប់ទល់នៅគោលដៅនានារួមមានយានរថពាសដែក ចំណុចផ្គត់ផ្គង់គ្រាប់រំសេវ និងស្ថានីយរ៉ាដារាវចាប់គន្លងអាវុធ។
របាយការណ៍បានឲ្យដឹងថា រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះ Su-25 ចំនួនពីរគ្រឿង និងយានដ្រូនរាប់សិបគ្រឿង ។
ជាមួយគ្នានេះ នាយសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយដោយនិយាយថា ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ កងទ័ពអ៊ុយក្រែនបានប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅលើសមរភូមិជាច្រើនកន្លែងរួមទាំងទីក្រុង Melitopol និងទីក្រុង Berdyansk ហើយបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងបុគ្គលិក និងយុទ្ធោបករណ៍របស់រុស្ស៊ី។
យោងតាមរបាយការណ៍បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែន ក៏បានវាយលុកលើប៉ុស្តិ៍ទីបញ្ជាការរុស្ស៊ីជាច្រើនកន្លែង និងស្ថានីយ៍សង្គ្រាមអេឡិចត្រូនិកផងដែរ។