
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃសៅរ៍ ទី១៩ ខែ សីហានេះ បានរាយការណ៍ថា ប្រទេសចិននឹងធ្វើសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ ដោយនិយាយថា វាគឺជាការព្រមានដ៏ធ្ងន់ធ្ងរដល់កងកម្លាំងផ្តាច់ខ្លួន ជាការឆ្លើយតបទាំងកំហឹងនិងរំពឹងទុកយ៉ាងទូលំទូលាយចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំលំដាប់ទី២ លោក William Lai ទៅកាន់សហរដ្ឋអាមេរិក។
លោក Lai ជាបេក្ខជនឈានមុខក្នុងការក្លាយជាមេដឹកនាំកោះតៃវ៉ាន់ក្នុងការបោះឆ្នោតនៅខែមករា ដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីថ្ងៃសុក្រម្សិលមិញ ជាទីដែលលោកបានឈប់ចតជាផ្លូវការនៅពេលធ្វើដំណើរទៅ និងមកពីប្រទេសប៉ារ៉ាហ្គាយ ទោះបីជាលោកបានថ្លែងសុន្ទរកថា ខណៈលោកនៅអាមេរិកក៏ដោយ។
ចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួន ទោះបីមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលកោះនេះក៏ដោយ។ ទីបញ្ជាការតំបន់ភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន ដែលទទួលខុសត្រូវលើតំបន់ជុំវិញកោះតៃវ៉ាន់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីថា ខ្លួនកំពុងអនុវត្តការល្បាតរួមគ្នាត្រៀមប្រយុទ្ធរបស់កងទ័ពជើងទឹក និងដែនអាកាស នៅជុំវិញកោះនេះ។