
ទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិកបាននិយាយថា ព្យុះសង្ឃរា Hilary កម្រិតទី ៤ បានបោកបក់ឆ្ពោះទៅកាន់ឧបទ្វីប Baja California របស់ប្រទេសម៉ិកស៊ិកកាលពីថ្ងៃសុក្រ ដោយអាជ្ញាធរតំបន់កំពុងមមាញឹកនឹងការត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះនេះ។
នៅក្នុងទីក្រុងទេសចរណ៍ Los Cabos នគរបាលបានបិទការចូលទៅកាន់ឆ្នេរក្នុងតំបន់។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) រំពឹងថាព្យុះដ៏មានឥទ្ធិពលនេះខិតជិតទីក្រុងរមណីយដ្ឋានដ៏ពេញនិយម Cabo San Lucas របស់ប្រទេសម៉ិកស៊ិក នៅល្ងាចថ្ងៃសុក្រ ទោះបីជាព្យុះនេះនឹងចុះខ្សោយមុនពេលវាយបក់នៅឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះក៏ដោយ ក៏វានាំមកនូវភ្លៀងធ្លាក់ដ៏គ្រោះថ្នាក់ ។
អភិបាលរដ្ឋ Baja California Sur លោក Victor Manuel Castro បានព្រមានពលរដ្ឋថា ភ្លៀងធ្លាក់ខ្លាំងនឹងកើតមាន ហើយ លោកសង្ឃឹមថា កម្លាំងខ្យល់ព្យុះកំណាចនឹងថយចុះក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។