
របងសំណាញ់ដែកត្រូវបានដំឡើងនៅតាមតំបន់រងគ្រោះ ដោយចំហេះព្រៃ នៅ Lahaina ដែលជាតំបន់រងគ្រោះខ្លាំងបំផុត នៅលើកោះ Maui ដែលត្រូវបានបំផ្លិចបំផ្លាញដោយអគ្គិភ័យ នៅរដ្ឋហាវ៉ៃ ដោយការដំឡើងនេះ គឺដើម្បីបិទតំបន់ ដែលរងការខូចខាតដោយអណ្ដាតភ្លើង។
សំណាញ់ដែកដ៏រឹងមាំ ត្រូវបានអាជ្ញាធរមូលដ្ឋានសាងសង់ឡើង ដើម្បីបិទផ្នែកខ្លះនៃតំបន់ Lahaina ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយចំហេះព្រៃយ៉ាងសន្ធោរសន្ធៅ។ ផ្ទៃដីជាង ៨៧៨ហិកតា ត្រូវបានឆេះ ហើយផ្ទះរាប់ពាន់ខ្នង ត្រូវបានលេបត្របាក់ដោយអណ្ដាតភ្លើង ដែលបានចាប់ផ្តើមឆាបឆេះ កាលពីថ្ងៃទី៨ ខែសីហា នៅលើកោះ Maui ដោយក្នុងនោះមនុស្ស ១១១នាក់ បានស្លាប់ គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា) ខណៈដែលចំនួនអ្នកស្លាប់ ត្រូវបានរំពឹងថា នឹងកើនឡើង ស្របពេលការស្វែងរក នៅតែបន្ត។
នៅតំបន់ Lahaina អគារជាង ៣.០០០ខ្នង ត្រូវបានបំផ្លាញដោយភ្លើង ផ្សែង ឬទាំង២ តែម្ដង។ យោងតាមក្រុមហ៊ុន Karen Clark & Company ដែលជាក្រុមហ៊ុនចេញគំរូគ្រោះមហន្តរាយ និងហានិភ័យដ៏លេចធ្លោមួយ បានឲ្យដឹងថា ការខាតបង់ទ្រព្យសម្បត្តិធានារ៉ាប់រងតែមួយគត់ សរុបមានចំនួនប្រហែល ៣,២ពាន់លានដុល្លារអាមេរិករួចទៅហើយ។
ភ្លើងឆេះជាបន្តបន្ទាប់ ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ បានកាត់ផ្ដាច់ទាំងស្រុងនូវនូវសញ្ញាទូរស័ព្ទ និងបណ្ដាញនានា នៅភាគខាងលិចនៃកោះ Maui ជាពិសេសនៅទំបន់ Lahaina។ ប្រតិបត្តិករបណ្ដាញនានា នៅមូលដ្ឋាន កំពុងប្រញាប់ប្រញាល់ប្រជែងនឹងពេលវេលា ដើម្បីជួសជុលបណ្ដាញទាំងនោះ នៅប៉ុន្មានថ្ងៃនេះ ហើយពួកគេបានដំឡើងរថយន្តឧបករណ៍សង្គ្រោះបន្ទាន់ ដើម្បីផ្តល់សេវាបណ្តាញបណ្តោះអាសន្ន។ ហើយឧបករណ៍អគ្គិសនី ក្នុងស្រុក ក៏ត្រូវបានជួសជុលផងដែរ៕