
ប្រជាជន នៅកោះតៃវ៉ាន់ភាគច្រើន បានព្រងើយកន្តើយចំពោះសមយុទ្ធយោធាចុងក្រោយរបស់ចិន នៅជុំវិញកោះស្វ័យគ្រប់គ្រងមួយនេះ នៅថ្ងៃសៅរ៍ (ទី១៩ ខែសីហា) នេះ ដែលត្រូវបានធ្វើឡើងដោយកំហឹង និងជាការឆ្លើយតប ដែលត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយរួចហើយ ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំលំដាប់ទី២ លោក William Lai ទៅកាន់សហរដ្ឋអាមេរិក ដោយសមយុទ្ធនេះ ត្រូវបានទីក្រុងតៃប៉ិថ្កោលទោស។
ដោយដើរចុះពីកន្លែងលក់ទំនិញ ក្នុងសង្កាត់ពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ អ្នកស្រុកជាច្រើន បាននិយាយថា ពួកគេមិនភ័យខ្លាច ហើយសមយុទ្ធនេះ មានអារម្មណ៍ថា ដូចជា «ការបង្ហាញ» ដែលមកបញ្ជាក់អះអាងពីជំនឿចិត្តរបស់ពួកគេលើសហរដ្ឋអាមេរិកថា ជាអ្នកជួយគាំទ្រអន្តរជាតិដ៏រឹងមាំបំផុតរបស់ខ្លួន។ តែទោះជាយ៉ាងណាក៏ដោយ ក៏អ្នកស្រុកម្នាក់ បានសម្តែងក្ដីបារម្ភថា កោះតៃវ៉ាន់អាចនឹងត្រូវបានចិនធ្វើការបង្រួបបង្រួមគ្រប់ពេលវេលា។
ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា ចាប់ពីព្រឹកថ្ងៃសៅរ៍នេះ ខ្លួនបានប្រទះឃើញយន្តហោះចិនចំនួន ៤២គ្រឿង និងនាវាចំនួន ៨គ្រឿង ដែលចូលរួមក្នុងសមយុទ្ធនៅជុំវិញកោះនេះ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា យន្តហោះចិនសរុបចំនួន ២៦គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ដែលពីមុនបានបម្រើការជារបាំងមិនផ្លូវការ ឬឆ្លងកាត់លើ «ខ្សែបន្ទាត់ពុះចែក» របស់ខ្លួន។
សូមបញ្ជាក់ថា ប្រទេសចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យថា ជាដែនដីរបស់ខ្លួន ទោះបីមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋបាលកោះនេះក៏ដោយ៕