វិភាគ៖ អង្គការសង់ត្រាល់ បានចេញជារបាយការណ៍បែបបំភ័យសាធារណៈមតិ គ្មានលក្ខណៈវិទ្យាសាស្ត្រ ហើយចង់បំផុសកំហឹងសង្គម

2023/08/20 02:30:02 am        1.0 K

ភ្នំពេញ៖ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅថ្ងៃទី១៧ ខែសីហា បានចេញអត្ថបទចំនួន៤ទំព័រដែលមានចំណងជើងថា “តើកម្ពុជាអាចប្រឈម វិបត្តិសង្គម និងសេដ្ឋកិច្ចបែបណាក្រោយការបោះឆ្នោត?”។ ឆ្លងតាមការវិភាគលើអត្ថបទនេះ សង់ត្រាល់បានបង្ហាញចំនួន៤ចំណុចធំៗ ទី១ ចំនួនរោងចក្រកាត់ដេរនៅកម្ពុជា បានបិទទ្វាជាបន្តបន្ទាប់(៨ខែដើមឆ្នាំមានរោងចក្រ១០៧៧) ទី២ ការថមថយនៃកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ទី៣ កម្ពុជាមិនបានអនុវត្តលក្ខខ័ណ្ឌការងារ និងទី៤ បញ្ហាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុប និង GSPរបស់អាមេរិក។ សម្រាប់អ្នកតាមដានបញ្ហាសង្គមលើវិស័យការងារ និងសង្គមជាទូទៅមើលឃើញថា អត្ថបទរបស់អង្គការដែលទទួលជំនួយពីលោកខាងលិចមួយនេះ គ្មានលក្ខណៈវិទ្យាសាស្ត្រ តួលេខមិនច្បាស់លាស់ ប្រើការសន្និដ្ឋានផ្តេសផ្តាសបង្កើតសេនារីយូនយោបាយបំភៃសាធារណៈមតិ ហើយ​បំផុសឱ្យពលរដ្ឋមានកំហឹងក្នុងសង្គមកម្ពុជាទៅវិញ។ 

ចំណុចទី១ស្តីពីការបិទទ្វារោងចក្រនៅកម្ពុជា

ការបិទឬបើកនៃរោងចក្រដែលជារបរនៃការវិនិយោគគឺជារឿងចៀសមិនផុត។ ប៉ុន្តែជាក់ស្តែងជាទូទៅសុខភាពវិស័យការងារ និងស្ថេរភាពសេដ្ឋកិច្ចកម្ពុជា ទាំងមូលមានស្ថេរភាពល្អប្រសើរនិងបន្តរីកចម្រើន​បន្តទៀតនៅឆមាសទី២ឆ្នាំ២០២៣ និងនៅឆ្នាំ២០២៤ ក្នុងនោះធនាគារពិភពលោក មូលនីធិរូបិយវត្ថុអន្តរជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា​ បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា​មានកំណើនក្នុងរង្វង់៥.៥%ទៅ៥.៨% ក្នុងឆ្នាំ២០២៣ ហើយក្នុងឆ្នាំ២០២៤ កំណើននឹងកើនដល់ក្នុងរង្វង់៦.១%ទៅ ៦.៦% ដែលជាសញ្ញាណវិជ្ជមាននៃកំណើនសេដ្ឋកិច្ចកម្ពុជាធៀបប្រទេសនានាក្នុងតំបន់។ 

ជាមួយលក្ខខណ្ឌល្អប្រសើរបែបនេះ កំណើននៃការវិនិយោគរោងចក្រនៅកម្ពុជាក្នុងវិស័យកាត់ដេរ និងវានភណ្ឌដែលត្រូវបានគេវាយតម្លៃថាធ្លាក់ចុះ បែរជាកើនឡើងពីជាង ១ ៣២០ រោងចក្រនៅចុងឆ្នាំ២០២២ ដល់ ជាង ១ ៣៣០ នៅគិតក្នុងខែមិថុនា ឆ្នាំ២០២៣នេះ និងផ្តល់ការងារផ្លូវការដល់បងប្អូនកម្មករនិយោជិតជាង ៨៣ម៉ឺននាក់។ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៣ មានរោងចក្រសហគ្រាសក្នុងវិស័យវាយនភណ្ឌ កាត់ដេរបើកថ្មីប្រមាណ ៦០រោងចក្របន្ថែម ដែលបានបង្កើតការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៣ម៉ឺននាក់។ ការណ៍នេះ សបញ្ជាក់ពីនិន្នាការធម្មតាក្នុងវិស័យកាត់ដេរ និងបង្ហាញពីសេចក្តីទុកចិត្តទាំងស្រុងរបស់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក​មកលើរាជរដ្ឋាភិបាលកម្ពុជាទាំងក្នុងអាណត្តិទី៦ និងអាណត្តិទី៧ខាងមុខ។ មួយវិញទៀត តាមការព្យាកររបស់អង្គការ ILO ក្នុងឆ្នាំ២០២៣នេះ ចំនួនការងារសរុបរបស់កម្ពុជានៅតែមានកំណើនប្រមាណ ១,៣% ដែលមានន័យថា ស្ថានភាពទីផ្សារការងាររបស់កម្ពុជាមានភាពរឹងមាំ និងនៅតែផ្តល់ក្តីសង្ឈឹមខ្ពស់ដល់ប្រជាជន ជាពិសេសយុវជន។ 

ទី២ ការថមថយនៃការនាំចេញផលិតផល កាត់ដេរ ស្បែកជើងនិងផលិតផលធ្វើដំណើរ

កម្ពុជានិងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតដូចជាវៀតណាម បង់ក្លាដែស ឥណ្ឌូនេស៊ី ស្រីលង្ការ គឺជាប្រទេសផលិតដើម្បីផ្គត់ផ្គង់ផលិតផលសំលៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរទៅកាន់ទីផ្សារពិភពលោក ក្នុងនោះមានអឺរ៉ុប អាមេរិក ជប៉ុន និងបណ្តាប្រទេសអាស៊ាន។ ជាចៃដន្យអាក្រក់របស់ពិភពលោក ក្រោយការរងគ្រោះក្នុងវិបត្តិកូវីដ១៩ដ៏ធ្ងន់ធ្ងរហើយនោះ ពិភពលោកទាំងមូលដែលកំពុងដើរអូសជើងចេញពីវិបត្តិសាកលនេះ ត្រូវជួបប្រទះបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ វិបត្តិនេះ បានទាញពន្យឺតការងើបឡើងនៃសេដ្ឋកិច្ចពិភពលោកទាំងមូលជាពិសេស សេដ្ឋកិច្ចសហភាពអឺរ៉ុបដែលបានប៉ះពាល់ខ្លាំងជាងគេពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ហើយគួរបញ្ជាក់ផងដែរថាទីផ្សារសហភាពអឺរ៉ុប ជាទីផ្សារនាំចេញធំជាងគេមួយរបស់កម្ពុជា ក៏ដូចជាប្រទេសនាំចេញផលិតផលកាត់ដេរដទៃផ្សេងទៀត។ 

ប្រការនេះ បានធ្វើឱ្យតម្រូវការសាកលសម្រាប់ផលិតផលគ្រប់មុខដែលរួមទាំង សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប បានថយចុះតាំងពីត្រីមាសទី២ឆ្នាំ២០២២រហូតដល់បច្ចុប្បន្ន (គិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣)។ ក្នុងនោះ តម្លៃនាំចូលនៃផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងការបូបរបស់ពិភពលោក បានធ្លាក់ចុះមកនៅត្រឹម១២៥ពាន់លានដុល្លារអាម៉េរិកនៅត្រីមាសទី១ឆ្នាំ២០២៣ ខណៈដែលធ្លាប់កើនឡើងរហូតដល់១៥០ពាន់លានដុល្លារអាម៉េរិក។​ នេះបើតាមការផ្សព្វផ្សាយរបស់មជ្ឈមណ្ឌពាណិជ្ជកម្មអន្តរជាតិដែលបានទាញយកនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ 

ប្រការនេះ បានធ្វើឱ្យប្រទេសផ្គត់ផ្គង់ដូច កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ស្រីលង្កា បង់ក្លាដែសជាដើមរងផលប៉ះពាល់។ ការនាំចេញរបស់ឥណ្ឌូនេស៊ី បានធ្លាក់ចុះរហូតដល់១៩.២% ខណៈវៀតណាមធ្លាក់ចុះ១៥.៧% ហើយស្រីលង្កាក៏បានធ្លាក់ចុះ១៤.៦% ដោយឡែកកម្ពុជាក៏មានការធ្លាក់ចុះចំនួន១៨.៦%។ ជារួម ការធ្លាក់ចុះផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំនើរ និងកាបូបជានិន្នាការរួមរបស់សកលលោក ប៉ុន្តែមិនមែនបញ្ហាដាច់ដោយឡែករបស់កម្ពុជានោះទេ។ 

សម្រាប់អ្នកតាមដានវិស័យកាត់ដេរនៅកម្ពុជា មូលហេតុកំណើននៃការនាំចេញផលិតផលកាត់ដេរ ស្បែកជើង ការបូប និងផលិតផលធ្វើដំណើរនៅឆ្នាំ២០២២ មានកម្រិតខ្ពស់ គឺដោយសារតែកម្ពុជាបានគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានសុខាភិបាល និងការអន្តរាគមន៍នានាយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេសគឺការធានាបាននូវនិរន្តរភាពច្រវ៉ាក់ផលិតកម្មរបស់រោងចក្រសហគ្រាសនៅកម្ពុជា ដែលធ្វើឱ្យម្ចាស់ម៉ាកនៅទូទាំងពិភពលោក បានបង្វែរការបញ្ជាទិញមកកម្ពុជា ខណៈដែលកាលណោះ តម្រូវការរបស់ពិភពលោក មានការកើនឡើងខ្ពស់ ហើយប្រទេសនាំចេញផលិតផលនេះផ្សេងទៀតនៅមានការឆ្លងរាលដាលជំងឺកូវីដ-១៩ខ្លាំងនៅឡើយ។ ដោយឡែកការថយចុះនាពេលនេះ ក្រៅពីតម្រូវការពិភពលោកមានការថយចុះ ការបញ្ជាទិញម្ចាស់ម៉ាកធំៗដែលធ្លាប់បង្វែរការទិញនៅកម្ពុជាកាលពីឆ្នាំ២០២២នោះ បានត្រឡប់ទៅបញ្ជាទិញពីប្រទេសដែលខ្លួនធ្លាប់បញ្ជាទិញមុនបរិបទកូវិដវិញហើយ ព្រោះពេលនេះ បណ្តាប្រទេសទាំងអស់ក្នុងតំបន់បានបិទបញ្ចប់វិបត្តិកូវីដ១៩រួចហើយ និងមានដំណើរការសេដ្ឋកិច្ច សង្គមដូចកម្ពុជាដែរ។ 

 

ទី៣ ការអនុវត្តលក្ខខណ្ឌការងារ

គិតមកដល់ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលគោលរបស់កម្មកររោងចក្រកាត់ដេរបានកើនដល់២០០ដុល្លារក្នុងមួយខែ ដោយបានកើនឡើងបន្ថែមចំនួន៤០០% ចាប់ពីឆ្នាំ១៩៩៧ដែលមានប្រាក់ឈ្នួលគោលត្រឹម៤០ដុល្លារ។ បើប្រៀបធៀបប្រាក់ឈ្នួលជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់ នៅឆ្នាំ២០២៣នេះ កម្មកររបស់ឡាវ ទទួលបានចំនួន ៧៥ដុល្លារអាម៉េរិក, មីយ៉ាន់ម៉ា ទទួលបាន ​៦៩ដុល្លារអាម៉េរិក, វៀតណាម ទទួលបានចន្លោះ១៣៨ និង ១៩៨ទៅតាមតំបន់, ស្រីលង្កា ទទួលបាន៣៩ដុល្លារ ហើយបង់ក្លាដែស ទទួលបានចំនួន៧៥ដុល្លារអាម៉េរិក។ ដោយឡែក នៅកម្ពុជា បើបូកប្រាក់ឈ្នួលញអប្បបរមា និងប្រាក់ឧបត្ថមផ្សេងៗ (ប្រាក់ថ្លៃបាយ, ប្រាក់ធ្វើការថែមម៉ោង, ប្រាក់ធ្វើការទៀងទាត់, ប្រាក់ធ្វើដំណើរ, និងប្រាក់អតីតភាពការងារ) កម្មករម្នាក់ៗជាមធ្យមទទួលបានប្រាក់ចំណូលក្នុងរង្វង់២១៧ដុល្លារអាម៉េរិក ទៅ២៥៩ដុល្លារអាម៉េរិកក្នុងមួយខែ។ 

សូមបញ្ជាក់ថា លក្ខខណ្ឌការងារ និងសុខដុមនីយម្មទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់តាមរយៈ ការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យ​ការងារ ហើយប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងាររបស់អង្គការ ILO ចំនួន១៣ ក្នុងនោះកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលបានផ្តល់សច្ចាប័នអនុសញ្ញាស្នូលទាំង ៨របស់អង្គការ ILO។ 

បន្ថែមលើនេះ កម្ពុជាបាននិងកំពុងអនុវត្តគោលនយោបាយពាណិជ្ជកម្មផ្សារភ្ជាប់ជាមួយនឹងអនុលោមភាពការងារ និងធានាឱ្យបាននូវកេរ្តិ៍ឈ្មោះផលិតផលនាំចេញរបស់យើងជាប្រភពទំនិញដែលមានការគោរពតាមលក្ខខណ្ឌការងារ និងសិទ្ធិការងារ។ ក្នុងន័យនេះ កម្ពុជាបានទទួលយកការអនុស្សរណៈនៃការយោគយល់គ្នា “កម្មវិធីគម្រោងរោចក្រកាន់តែប្រសើរនៅកម្ពុជា” រវាងរាជរដ្ឋាភិបាល និង ILO-BFC ចំនួន ៨លើក ដោយចាប់ផ្តើមដំបូងនៅឆ្នាំ២០០៣ ហើយបច្ចុប្បន្ន កម្ពុជាបាននិងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០២០-២០២២ ដែលចុះហត្ថលេខា​នៅក្នុងឆ្នាំ២០១៩ និងជាចុងក្រោយ អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងត្រូវបន្តបន្ថែមទៀតសម្រាប់ឆ្នាំ២០២៣-២០២៧។

រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ ក្នុងបរិបទកូវីដ១៩ បានផ្តល់វ៉ាក់សាំងជូនកម្មករដោយឥតគិថ្លៃដើម្បីធានាបាននូវសុខភាព និងរក្សាការងារជូនកម្មករនិយោជិត ហើយបានបើកប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតដែល បានព្យួរកិច្ចសន្យាការងារចំនួន ៧០ដុល្លារអាម៉េរិក (រាជរដ្ឋាភិបាល ៤០ដុល្លារអាម៉េរិក និងនិយោជក ៣០ដុល្លារអាម៉េរិក)។ មួយវិញទៀត រដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានរៀបចំការបណ្តុះបណ្តាលជំនាញដល់កម្មករដែលព្យួរកិច្ចសន្យាការងារបានចំនួន៦,៨ម៉ឺននាក់ និងបានប្រកាសត្រៀមបណ្តុះបណ្តាលកម្មករ ឬយុវជនកម្ពុជាដែលងាយរងគ្រោះ ឬមកពីគ្រួសារក្រីក្រចំនួន១.៥លាននាក់ ដែលចង់អភិវឌ្ឍនជំនាញ ឬចង់បានជំនាញជាក់លាក់ដើម្បីបង្កើនប្រាក់ចំណូល។ 

មិនតែប៉ុណ្ណោះ កម្មករនិយោជិត ក៏នឹងទទួលបានផងដែរនូវប្រាក់សោធននិវត្តន៍ ប្រាក់ថែមម៉ោង​ ប្រាក់ធ្វើការទៀតទាត់ ផ្តល់សេវាធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដល់កម្មករនិយោជិតក្នុងអំឡុងពេលព្យួរកិច្ចសន្យាការងារទៀតផង និងការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃ។ល។ អ្វីដែលបានលើកឡើងសម្រាប់កម្មករនេះ នៅមិនទាន់រាប់បញ្ចូលការឧបត្ថមសម្រាប់កម្មការនីមានផ្ទៃពោះ ដូចជាអនុញ្ញាតិឱ្យចេញមុនម៉ោង ១៥នាទី, ឈប់សម្រាកចំនួន ៩០ថ្ងៃ តាមច្បាប់ស្តីពីការងារ និងទទួលបានប្រាក់ឈ្នួលសរុប ១២០% ដោយ ៥០% ទទួលបានពីនិយោជក និង ៧០% ទៀតទទួលបានពី ប.ស.ស., ទទួលបានប្រាក់ឧបត្ថម្ភ មុន និងក្រោយ សម្រាលកូន សរុបចំនួន ១លាន ៩២ម៉ឺនរៀល ឬ ៤៨០ដុល្លារអាម៉េរិក/១នាក់ដោយមិនទាន់រាប់បញ្ចូលការឧបត្ថមរបស់ដល់ស្តី្រកម្មករដែលនឹងទទួលបានការឧបត្ថមពេលឆ្លងទន្លេកូន១រូប បាន៨០ម៉ឺនរៀល ភ្លោះ២រូប បាន១.២លានរៀល និងភ្លោះ៣រូបទទួលបាន១.៦លានរៀល និងការឧបត្ថមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ទាល់ចំនួន៥លានរៀលទៀតផងទេ។ 

ទី៤ ប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប និង GSPរបស់អាមេរិក

តាមពិតការលើកឡើងស្តីពីប្រព័ន្ធងនុគ្រោះពន្ធEBA និង GSPរបស់អាមេរិកនេះ គឺជារឿងនយោបាយ​តែប៉ុណ្ណោះដែលវាហាក់ដូចជាអាយ៉ៃឆ្លើយឆ្លងដែលមិនចេះចប់ព្រោះអ្នកលើកឡើងមិនចង់ចប់។ ចំណុចនេះ គឺជាចំណុចដែលគណបក្សប្រឆាំង​ និងសង្គមស៊ីវិលប្រើវាជាប្រធានបទវាយប្រហារមកលើរាជរដ្ឋាភិបាល។ កម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBAរបស់សហភាពអឺរ៉ុប(អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ) នៅឆ្នាំ២០០១ក្នុងចំណោមប្រទេសក្រីក្រចំនួន៣នៅអាស៊ាន ក្នុងនោះមានឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។ កាលពីខែសីហា ឆ្នាំ២០២០ សហភាពអឺរ៉ុបបានប្រកាសយកពន្ធលើផលិតផលកម្ពុជាចំនួន២០%នៃផលិតនាំចូលទាំងអស់ដែលស្មើប្រមាណ៨០មុខ។ ផ្ទុយទៅវិញ បើទោះបីជាយកពន្ធ២០%ក៏ដោយ ក៏ការនាំចេញរបស់កម្ពុជានៅបន្តកើនឡើងដដែល។ ជាក់ស្តែងតម្លៃនាំចេញសរុបរបស់កម្ពុជានៅឆ្នាំ២០២២ បានកើនឡើង១៧,១% ក្នុងនោះការនាំចេញទៅអឺរ៉ុបបានកើនឡើង ២៥,៣% (វិស័យកាត់ដេរនាំចេញទៅអឺរ៉ុបកើនឡើង ២១,៧%) ដែលបញ្ជាក់ឱ្យឃើញថា កម្ពុជា បានត្រៀមខ្លួនរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ហើយ EBA មិនមែនជាបញ្ហាចម្បងក្នុងការរាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់កម្ពុជាទៀតឡើយ ផ្ទុយទៅវិញការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA កាលពីឆ្នាំ ២០២០ បានជួយឱ្យកម្ពុជាបានត្រៀមខ្លួនកាន់តែប្រសើរ មានភាពម្ចាស់ការ និងមានភាពប្រកួតប្រជែងដោយឡែករបស់ខ្លួន។ គួរកត់សម្គាល់ថា EBAនេះ នឹងត្រូវបានទាំងស្រុងនៅឆ្នាំ២០២៧ព្រោះកម្ពុជាលែងជាប្រទេសក្រីក្រដែលស្ថិតក្នុងកូតារបស់សហភាពអ៊ឺរ៉ុបទៀតហើយ។

ដោយឡែក ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក(GSP)វិញគឺជាប្រពន្ធអនុគ្រោះពន្ធដែលផ្តល់ឱ្យប្រទេសក្រីក្រ ឬមានកំណើនតិចតួចបំផុតក្នុងនាំចូលមុខទំនិញដោយមិនជាប់ពន្ធ។ សម្រាប់កម្ពុជា ប្រពន្ធអនុគ្រោះពន្ធនេះ បានផុតតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មកម្លេះបន្ទាប់ពីកម្ពុជាទទួលបាននៅឆ្នាំ១៩៩៧។ សូមរំលឹកថា ក្នុងឆ្នាំ២០២២កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក មាន​ទំហំជាង ៩.២​ ពាន់​លាន​ដុល្លារ កើនឡើង ១៨.៦​ ភាគរយ​បើ​ធៀប​ឆ្នាំ ២០២១។ ជាមួយទំហំពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក នៅតែបន្តមានវឌ្ឍនភាពបើទោះបីអត់មានប្រព័ន្ធGSPក៏ដោយ។ ប៉ុន្តែមិនមានន័យថា កម្ពុជាមិនទទួលប្រព័ន្ធអនុគ្រោះពន្ធGSPរបស់អាមេរិកនោះទេព្រោះការផ្តល់ឱ្យវានឹងនាំឱ្យជញ្ជីងពាណិជ្ជកម្មរបស់កម្ពុជាមានកំណើនបន្ថែមទៀត។ 

ទាំងនេះ គឺជាចំណុចត្រួសៗដែលរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងផ្តល់ដំណោះស្រាយ និងសម្រួលជូនកម្មករនិយោជិត ប៉ុន្តែមិនត្រូវបានកត់ចំណាំដោយមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស(សង់ត្រាល់)។ តើវាជា ការមើលមិនឃើញ ស្តាប់មិនឮឬយ៉ាងណា? ប៉ុន្តែផ្ទុយទៅវិញ មានតែចំណុចអវិជ្ជមានដែលគ្មានការពិត មិនគ្រប់ជ្រុងជ្រោយ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងនៃសង្គមកម្ពុជាក្នុងវិស័យកាត់ដេរ។ ហេតុអ្វីបានជាដូចនេះ? តើដូចពាក្យគេថាអង្គការមួយចំនួននៅកម្ពុជាដើម្បីទទួលបានជំនួយសម្រាប់ប្រតិបត្តិការក្នុងអង្គការ បានយកបញ្ហាកម្មកររោងចក្រ សិទ្ធិការងារ ប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អ៊ឺរ៉ុប និងGSPរបស់អាមេរិក។ល។... ជាឆ្នាំងបាយរបស់ខ្លួន? 

មួយវិញទៀត ក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហាដែលនិយាយថា៖ «ការ​ឈឺចាប់​ចំពោះ​បញ្ហា មិន​បាន​រួម​ចំណែក​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ ឬ​ធ្វើ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​ឡើយ មាន​តែ​ការ​ចូលរួម​ឈឺឆ្អាល​របស់​យុវជន និង​ពលរដ្ឋ​គ្រប់​គ្នា​ប៉ុណ្ណោះ​ទើប​ធ្វើ​ឱ្យ​ស្ថានភាព​ប្រសើរ​ឡើង​ជាង​នេះ​សម្រាប់ ៥​ឆ្នាំ​ខាងមុខ។ យើង​នឹង​ក្លាយ​ជា​ពលរដ្ឋ​អាត្មា​និយម​នៅ​ពេល​ដែល​យើង​ម្នាក់ៗ​បន្ត​នៅ​ស្ងៀមស្ងាត់​ចំពោះ​បញ្ហា​ដែល​កំពុង​កើតមាន​ទ្បើង​ក្នុង​សង្គម»។ សំណួរសួថាតើអង្គការសង់ត្រាល់ចង់បានអ្វីឱ្យពិតប្រាកដ? តើមិនមែនជាការដុតរោលឱ្យពលរដ្ឋមានកំហឹងទេឬយ៉ាងម៉េច? នេះជាសំណួររបស់ពលរដ្ឋ។ 

សូមបញ្ជាក់ថា ទម្រាំមានសន្តិភាពដូចសព្វថ្ងៃកម្ពុជារងចាំរយៈពេល៥០០ឆ្នាំដើម្បីមានកម្ពុជាមួយដែលមានរដ្ឋធម្មនុញ្ញតែមួយ រាជបល្ល័ង្កតែមួយ រាជរដ្ឋាភិបាលតែមួយដែលគ្មានការបែងចែកទឹកដី និងតំបន់កាន់កាប់។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យ កម្ពុជា បានបើកលំហអង្គការសង្គមស៊ីវិលក្នុងការធ្វើប្រតិបត្តិការនៅទូទាំងប្រទេសដោយគ្មានការរិតត្បិត។ គិតត្រឹមបំណាច់ឆ្នាំ២០២២ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានជាង៦ពាន់ស្ថាប័ន ហើយរដ្ឋាភិបាលតែងតែចាត់ទុកសមាគម និងអង្គកការមិនមែនរដ្ឋាភិបាលទាំងនោះ ជាដៃគូសហការមិនអាចខ្វះបាន។ 

ដូចនេះ​ វត្តមានសមាគម និងអង្គការ គួរតែដើរតួនាទីជាអ្នកផ្តល់ព័ត៌មាន ផ្តល់ទិន្នន័យ និងការវិភាគជាក់ស្តែងឱ្យរដ្ឋាភិបាលកម្ពុជាដើម្បីឱ្យកែតម្រូវចំណុចខ្វះខាត ហើយជឿថា រដ្ឋាភិបាលកម្ពុជានឹងមិនចង្អៀតចង្អល់ក្នុងការទទួលចំណុចអវិជ្ជមានដើម្បីស្ថាបនានោះទេ៕

ដោយ៖ សុវណ្ណ ធរណិន្ទសាគរ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm