ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ជាការព្រមានដ៏ធ្ងន់ធ្ងរដល់កងកម្លាំងបំបែកខ្លួនទាំងកំហឹង ប៉ុន្តែត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយថាជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោក វីលៀម ឡៃ ( William Lai) មេដឹកនាំលំដាប់ទី២ ទៅកាន់សហរដ្ឋអាមេរិក ដោយបង្កឲ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ។

លោកឡៃ(Lai) ដែលជាបេក្ខជននាំមុខក្នុងការក្លាយជាមេដឹកនាំកោះតៃវ៉ាន់ក្នុងការបោះឆ្នោតនៅខែមករាឆ្នាំក្រោយ បានត្រឡប់មកពីសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ។ លោកបានត្រឹមតែឈប់សំចតជាផ្លូវការក្នុងដំណើរទាំងទៅទាំងមកពីប្រទេសប៉ារ៉ាហ្គាយ ប៉ុន្តែបានថ្លែងសុន្ទរកថាអំឡុងឈប់សំចតនៅអាមេរិក។
ចិនចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាដែនដីរបស់ខ្លួនទោះបីមានការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលកោះនេះក៏ដោយ។
ទីបញ្ជាកាភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ខ្លួនកំពុងអនុវត្តការល្បាតរួមគ្នារបស់កងទ័ពជើងទឹក និងផ្លូវអាកាសជុំវិញកោះនេះ។
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា ខ្លួន បានមើលឃើញយន្តហោះចិនចំនួន ៤២ គ្រឿង និងនាវាចំនួន៨ គ្រឿងដែលចូលរួមក្នុងសមយុទ្ធនៅជុំវិញកោះនេះតាំងពីព្រឹកថ្ងៃសៅរ៍ ហើយថាជាការឆ្លើយតបទៅនឹងសកម្មភាពយោធានេះ ខ្លួនបានដាក់ពង្រាយនាវា និងយន្តហោះ។
អាជ្ញាធរកោះនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះរបស់ប្រទេសចិនចំនួន ២៦គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់ម៉េដ្យាននៃច្រកសមុទ្រតៃវ៉ាន់ដែលមានទំហំទទឹង ១០០គីឡូម៉ែត្រ ឬតំបន់លើសពីចុងបន្ទាត់នីមួយៗ។ ខ្សែបន្ទាត់នេះបានបម្រើការជារបាំងមិនផ្លូវការរវាងយោធាទាំងពីរអស់ជាច្រើនទសវត្សរ៍មកហើយ ៕
