អណ្ដាតភ្លើងពីចំហេះព្រៃបានបំភ្លឺផ្ទៃមេឃនៃកោះធេណេរីហ្វ(Tenerife) នៅព្រឹកថ្ងៃអាទិត្យទី២០សីហានេះ ខណៈចំហេះព្រៃដែលកំពុងរាលដាលខ្លាំងនៅភាគខាងជើងកោះនេះ នៅពុំទាន់គ្រប់គ្រងបាននៅឡើយ។

យោងតាមការប៉ាន់ប្រមាណ ក្រុមផ្ដល់សេវាសង្រ្គោះបន្ទាន់ប្រចាំកោះកាណារី(Canary Islands) បាននិយាយថា មនុស្សជាង២៦.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានកាលពីរសៀលថ្ងៃសៅរ៍ ជាការកើនឡើងខ្ពស់ពីចំនួន៤.៥០០នាក់ កាលពីថ្ងៃសុក្រទី១៨សីហា។ នៅពេលនេះ ទីប្រជុំជនចំនួន១១ត្រូវបានរងផលប៉ះពាល់។
កម្ដៅ និងសីតុណ្ហភាពស្ងួតដែលចេះតែហក់ឡើងខ្ពស់នៅឆ្នាំនេះ បានរុញឲ្យមានចំហេះព្រៃកាន់តែធ្ងន់ធ្ងរខុសពីធម្មតានៅក្នុងតំបន់អឺរ៉ុប រួមទាំងកោះឡាផាលម៉ា(La Palm) របស់អេស្ប៉ាញ កាលពីខែកក្កដា ។ក្រុមអ្នកវិទ្យាសាស្ត្រ និយាយថាបម្រែបម្រួលអាកាសធាតុ បណ្ដាលឲ្យមានបញ្ហាអាកាសធាតុធ្ងន់ធ្ងរខ្លាំងនិងញឹកញាប់ ថែមទៀត ។
ភ្លើងចេះព្រៃដែលត្រូវបានគេហៅថា ជាភាពស្មុគស្មាញបំផុតដែលកោះកាណារី បានជួបប្រទះក្នុងរយៈពេល៤០ឆ្នាមកនេះ ដោយសារតែការកើនឡើងសីតុណ្ហភាពក្ដៅ ស្ថួតហួតហែង និងអាកាសធាតុមានខ្យល់បក់បោកខ្លាំង ព្រមទាំងលក្ខខណ្ឌភូមិសាស្ត្រមិនល្អ៕
