មណ្ឌលគិរី ៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ នាថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តមណ្ឌលគិរី (ក.ប.ប.) ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ និងត្រួតពិនិត្យទំនិញដែលជាគ្រឿងឧបភោគបរិភោគ នៅផ្សារសែនមនោរម្យ ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។
មន្ត្រីសាខា ក.ប.ប ខេត្តមណ្ឌលគិរី បានឲ្យដឹងថា គោលដៅសំខាន់នៃការត្រួតពិនិត្យ គឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផលិតផលផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ រួមទាំងអាល់កុលនៅតាមឱសថស្ថាននានាផងដែរ។ ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួនរួមមាន ៖ សាច់ គោស្រស់ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងអាល់កុល ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញក៏បានត្រួតពិនិត្យរកភាពមិនអនុលោមរបស់ទំនិញនៅលើសម្បកវេចខ្ចប់។ ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ ទំនិញដែលមានសភាពមិនប្រក្រតី ផលិតផលដែលមានសារធាតុគីមីហាមឃាត់ និងអាល់កុលក្លែងក្លាយនោះទេ។
ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានណែនាំដល់អាជីវករផ្សេងទៀតឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាព និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។
មន្ត្រីសាខា ក.ប.ប ខេត្ត ក៏បានណែនាំដល់អាជីវករទាំងអស់ ត្រូវរក្សាទុកទំនិញឲ្យមានសណ្តាប់ធ្នាប់ល្អ និងពិនិត្យមើលកាលបរិច្ឆេទមុននឹងទិញទំនិញមកលក់បន្ត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផលទំនិញម្ហូបអាហាររបស់ខ្លួន និងជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយពាក់ម៉ាស និងលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា៕
អត្ថបទ ៖ អ៊ិត ភីរុន