រុស្ស៊ី៖ បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបរាជ័យ ពេលយានអវកាសLuna-25របស់ខ្លួនគ្រប់គ្រងលែងបាននិងធ្លាក់ចូលទៅក្នុងភពព្រះចន្ទបន្ទាប់ពីការរៀបចំសម្រាប់គន្លងវិថីមុនចុះចតមានបញ្ហាដោយបញ្ជាក់ពីការធ្លាក់ចុះក្រោយសម័យសូវៀតដែលធ្លាប់ជាកម្មវិធីអវកាសដ៏អស្ចារ្យ។សាជីវកម្មអវកាសរដ្ឋ Roskosmos បាននិយាយថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយយានអវកាសនោះនៅម៉ោង ១១:៥៧ នាទី ម៉ោងសកល GMT កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហា ខណៈដែលយាននេះត្រូវបានបង្វែរចូលទៅក្នុងគន្លងមុនចុះចត។ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលត្រូវ បានគ្រោងទុកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ទីភ្នាក់ងារអវកាស Roskosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍នេះបានផ្លាស់ប្តូរទៅក្នុងគន្លងដែលមិនអាចដឹងមុនបាន ហើយលែងកើតមានទៀតដោយសារតែការប៉ះទង្គិចជាមួយនឹងផ្ទៃភពព្រះចន្ទ ។
សេចក្ដីថ្លែងការណ៍ខាងលើនេះ បាននិយាយថាគណៈកម្មការអន្តរនាយកដ្ឋានពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៅពីក្រោយការបាត់បង់យាន Luna-25 ដែលបេសកកម្មរបស់ពួកគេបានបង្កើនក្តីសង្ឃឹមនៅទីក្រុងម៉ូស្គូដែលថាប្រទេសរុស្ស៊ីនឹងត្រលប់ទៅរកការប្រណាំងប្រជែងទៅកាន់ភពព្រះចន្ទដែលមានថាឥទ្ធិពលដ៏ធំ។
ការបរាជ័យនេះបានបញ្ជាក់ពីការធ្លាក់ចុះនៃអំណាចផ្នែកអវកាសរបស់រុស្ស៊ី ចាប់តាំងពី ថ្ងៃដ៏រុងរឿងនៃការប្រកួតប្រជែងក្នុងសង្គ្រាមត្រជាក់ នៅពេលដែលទីក្រុងម៉ូស្គូជាប្រទេសដំបូងគេដែលបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងផែនដី។ យានអវកាសដែលមានឈ្មោះថា Sputnik 1 កាលពីឆ្នាំ ១៩៥៧ និងអវកាសយានិកសូវៀតលោក Yuri Gagarin បានក្លាយជាបុរសដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស កាលពីឆ្នាំ ១៩៦១។ឧបទ្ទវហេតុនេះក៏កើតឡើងផងដែរស្របពេលសេដ្ឋកិច្ចទំហំ ២ សែនកោដិដុល្លាររបស់រុស្ស៊ីប្រឈម នឹងបញ្ហាខាងក្រៅដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ទន្ទឹមនឹងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច និងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដីគោកដ៏ធំបំផុតនៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

