ម៉ារ៉ុក៖ ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦ ទ្រង់បាលើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងថ្ងៃខួបនៃទិវាបដិវត្តន៍របស់ព្រះមហាក្សត្រ និងប្រជាជន។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អ្នកទោសមួយចំនួនត្រូវបានផ្តល់សេរីភាព អ្នកខ្លះមានទោសជាប់ពន្ធនាគាររយៈពេលខ្លី ខណៈអ្នកផ្សេងទៀតត្រូវបានកាត់បន្ថយទោស ឬលុបចោលការផាកពិន័យ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកទោសចំនួន១៦នាក់ដែលត្រូវបានកាត់ទោស នៅក្នុងករណីជ្រុលនិយម និងអំពើភេរវកម្ម ក៏ត្រូវបានលើកលែងទោសផងដែរ។ អ្នកទោស៨នាក់ក្នុងចំណោមអ្នកទាំងនោះ នឹងត្រូវបានដោះលែង ហើយអ្នកទោសម្នាក់នឹងត្រូវលុបចោលការផាកពិន័យ និងដោះលែង ចំណែកអ្នកទោស៧នាក់ដែលនៅសល់នោះ ត្រូវបានកាត់បន្ថយទោស។
ទិវាបដិវត្តន៍ព្រះមហាក្សត្រ និងប្រជាជន ដែលត្រូវបានប្រារព្ធនៅប្រទេសម៉ារ៉ុកនៅថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំ ជាទិវារំលឹកដល់ការតស៊ូរបស់រាជាណាចក្រ ដើម្បីឯករាជ្យភាពពីការគ្រប់គ្រងអាណានិគម៕

