នីហ្សេ៖ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅរដ្ឋធានីប្រទេសនីហ្សេ កាលពីថ្ងៃអាទិត្យ (២០ សីហា) ដើម្បីគាំទ្ររដ្ឋប្រហារយោធាកាលពីខែមុន ដោយមេដឹកនាំរបស់ពួកគេ បានព្រមានប្រឆាំងនឹងការអន្តរាគមន៍ពីខាងក្រៅ ខណៈពេលដែលរដ្ឋប្រហារេបានស្នើសុំការផ្លាស់ប្តូរអំណាចរយៈពេល៣ឆ្នាំ។
ក្រុមបាតុករ បានស្រែកពាក្យស្លោកជាអរិភាព ចំពោះអតីតមហាអំណាចអាណានិគមបារាំង និងប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS ដែលកំពុងពិចារណាប្រតិបត្តិការយោធាដ៏មានសក្តានុពលមួយ ដើម្បីដាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ឲ្យកាន់តំណែងឡើងវិញ ប្រសិនបើការចរចាជាមួយមេដឹកនាំរដ្ឋប្រហារបរាជ័យ។
មេដឹកនាំយោធាថ្មីរបស់ប្រទេសតំបន់ Sahel អាហ្វ្រិកដ៏ក្រីក្រមួយនេះ បានហាមឃាត់ជាផ្លូវការនូវបាតុកម្ម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ក្រុមអ្នកដែលគាំទ្ររដ្ឋប្រហារ ត្រូវបានអនុញ្ញាត។
ក្រុមបាតុករបានកាន់បដាដោយនិយាយថា «បញ្ឈប់ការធ្វើអន្តរាគមន៍យោធា» និង «និយាយថា ទេ ចំពោះទណ្ឌកម្ម» ដោយសំដៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុ និងការរឹតបន្តឹងពាណិជ្ជកម្ម ដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា មក។
ការធ្វើបាតុកម្មគាំទ្ររដ្ឋប្រហារចុងក្រោយបំផុតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំថ្មីនៅរដ្ឋធានី នីញ៉ាមេ លោកឧត្តមសេនីយ Abdourahamane Tiani បានព្រមានថា ការលុកលុយរបស់យោធាបរទេសចូលទៅក្នុងប្រទេសនីហ្សេ នឹងមិនមែនជា «ការដើរកម្សាន្ត» របស់ពួកគេនោះទេ៕

