បេឡារុស៖ មជ្ឈមណ្ឌលតស៊ូជាតិ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហាថា ទាហានស៊ីឈ្នួលជាងមួយពាន់នាក់របស់Wagner Group បានចាកចេញពីប្រទេសបេឡារុស ដោយសារតែពួកគេមិនសប្បាយចិត្តនឹងប្រាក់ឈ្នួលរបស់ពួកគេ។
ប្រភពជាច្រើននៅក្នុងប្រទេសបេឡារុស បានប្រាប់មជ្ឈមណ្ឌលនេះថា ចំនួនយុទ្ធជននៃក្រុមWagner បានធ្លាក់ចុះពី៥.៨០០នាក់ មកត្រឹម ៤.៤០០នាក់។
យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល កង្វះមូលនិធិពីប្រទេសរុស្ស៊ី គឺជាមូលហេតុ។ ដោយមិនពេញចិត្តនឹងប្រាក់ចំណូលរបស់ពួកគេ ក្រុមទាហានស៊ីឈ្នួលWagner ដែលឈរជើងនៅក្នុងប្រទេសបេឡារុស បានចុះកិច្ចសន្យា ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអាហ្វ្រិក ឬចាកចេញទៅវិស្សមកាល ដោយគ្មានចេតនាវិលត្រឡប់មកវិញទេ។
រដ្ឋាភិបាលបេឡារុស បានបង្កើតភាពជាដៃគូជាមួយ Wagner Group ក្នុងខែកក្កដា នៅពេលដែលក្រុមហ៊ុនយោធាឯកជន (PMC) បានផ្លាស់ប្តូរទីតាំងទៅប្រទេសបេឡារុស បន្ទាប់ពីការបះបោរខែមិថុនារបស់មេដឹកនាំទាហានស៊ីឈ្នួល លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ។ ចាប់តាំងពីពេលនោះមក សមាជិករបស់ក្រុម Wagner បានបណ្តុះបណ្តាលទាហានបេឡារុសលើបច្ចេកទេសប្រយុទ្ធ៕

