អេស្ប៉ាញ៖ សាលលេងកីឡាមួយ ដែលត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់មនុស្ស ជម្លៀសចេញពីភ្លើងឆេះព្រៃដែលកំពុងរាលដាលនៅក្នុងកោះថេណេរីហ្វ(Tenerife)របស់អេស្ប៉ាញ ត្រូវបានជម្លៀសនៅក្នុងតំបន់ជាយក្រុង រ៉ាវ៉េឡូ( Ravelo )កាលពីព្រឹកថ្ងៃអាទិត្យ ទី២០សីហា ខណៈអណ្ដាតភ្លើងរាលដាលកាន់តែជិត។
ក្រុមអ្នកជម្លៀស បានរៀបចំរបស់របររបស់ពួកគេទៅកាន់តំបន់ អេល សោសាល (El Sauzal) ខណៈចំហេះព្រៃ នៅតែមិនអាចគ្រប់គ្រងបាននៅលើកោះកាណារី(Canary Island)។
កាលពីល្ងាចថ្ងៃសៅរ៍ ទី១៩សីហា អង្គភាពផ្ដល់សេវាសង្រ្គោះបន្ទាន់ បាននិយាយថា ពេលនេះ ភ្លើងកំពុងប៉ះពាល់ដល់ទីប្រជុំជនចំនួន១០ ទោះបីជាតំបន់ចំនួន១១ ត្រូវបានជម្លៀសពលរដ្ឋចេញជាការប្រុងប្រយ័ត្នក៏ដោយ។ គ្មានតំបន់ទេសចរណ៍ណាមួយត្រូវបានប៉ះពាល់ទេ។
ក្រុមអាជ្ញាធរនិយាយថា ចំហេះព្រៃនេះ បានឆាបឆេះកាលពីថ្ងៃពុធទី១៦សីហា ក្នុងឧស្យានជាតិតំបន់ភ្នំ ជុំវិញភ្នំភ្លើងថេដេ (Mount Teide) ជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ និងបានបង្ខំឲ្យមនុស្សជាង១២.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋាន របស់ពួកគេ៕

