កាណាដា៖នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកាណាដាកំពុងបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីទប់ទល់នឹងចំហេះព្រៃដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី ខណៈខេត្តភាគខាងលិចប្រទេសមួយនេះ កំពុងទប់ទល់ជាមួយនឹងអណ្តាតភ្លើង ដែលបានធ្វើឱ្យមនុស្សជាង៣៥.០០០នាក់ ស្ថិតនៅក្រោមបញ្ជាជម្លៀស។
ខេត្តប្រ៊ីដធីស កូឡំប៊ី បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបានដាក់បម្រាមលើការធ្វើដំណើរដែលមិនសំខាន់ ដើម្បីបង្កើនកន្លែងស្នាក់នៅសម្រាប់អ្នកជម្លៀស និងក្រុមពន្លត់អគ្គិភ័យ ព្រមទាំងបានជំរុញឱ្យប្រតិបត្តិករយានដ្រូន និងអ្នកផ្សេងទៀត ថតរូបភាពនៃអគ្គិភ័យ ដើម្បីរក្សាភាពច្បាស់លាស់នៃក្រុមអ្នកជួយសង្គ្រោះ។
ចំហេះព្រៃមិនមែនជារឿងចម្លែកទេ នៅក្នុងប្រទេសកាណាដា ប៉ុន្តែការរីករាលដាលនៃអណ្តាតភ្លើង និងការរំខាន បង្ហាញពីភាពធ្ងន់ធ្ងរនៃរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួន ដែលអ្នកជំនាញមួយចំនួនទម្លាក់កំហុសលើបម្រែបម្រួលអាកាសធាតុ ថាជាមូលហេតុនៃចំហេះនេះ។ ករណីចំហេះផ្សេងទៀត កាន់តែធ្ងន់ធ្ងរឡើង ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលត្រូវបានគេរាយការណ៍ថា ខិតទៅជិតព្រំដែនសហរដ្ឋអាមេរិក និងនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់សហរដ្ឋអាមេរិកផងដែរ។
ចំហេះបានលេបត្របាក់ធនធានក្នុងស្រុក និងទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ ក៏ដូចជាការគាំទ្រពីខាងក្រៅចំនួន១៣ប្រទេស។ យ៉ាងហោចណាស់មានអ្នកពន្លត់អគ្គិភ័យចំនួន៤នាក់ បានស្លាប់ក្នុងពេលបំពេញកាតព្វកិច្ចដោយសារចំហេះព្រៃនេះ។ ផ្ទៃដីប្រហែល១៤០.០០០គីឡូម៉ែត្រក្រឡា ដែលមានទំហំប្រហែលនៃរដ្ឋញូវយ៉ក ត្រូវបានឆាបឆេះពេញទូទាំងប្រទេស ជាមួយនឹងផ្សែងអ័ព្ទ ដែលហុយរហូតដល់ឆ្នេរខាងកើតសហរដ្ឋអាមេរិកផងដែរ៕

