ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបញ្ចប់ពូលA ជើងឯកយុវជនអាស៊ាន AFF U23 Championship 2023 ជាមួយក្រុមជម្រើសជាតិ U23 ថៃ នាវេលាម៉ោង ៨យប់ថ្ងៃទី២១ ខែសីហានេះ នៅកីឡដ្ឋានរ៉ាក់យ៉ង ប្រទេសថៃ ។
នេះគឺជាការប្រកួតដ៏សំខាន់ ដើម្បីកំណត់ជោគវាសនារបស់ក្រុមគោព្រៃជំទង់កម្ពុជា ពោលគឺក្រុម U23 កម្ពុជា ត្រូវការឈ្នះក្រុមម្ចាស់ផ្ទះថៃដាច់ខាត ទើបអាចមានឱកាសឡើងទៅវគ្គ ៤ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនប្រចាំតំបន់មួយនេះ ។
គួរដឹងថា ឆ្លងកាត់ ២ប្រកួតក្នុងពូលកន្លងមក ក្រុមយុវជន U23 កម្ពុជា បានឈ្នះ ១ និងស្មើ ១ រកបាន ៤ពិន្ទុឈរលេខរៀងទី២ តាមពីក្រោយក្រុម U23 ថៃ ដែលឈ្នះទាំង ២ប្រកួតឈរកំពូលតារាង។
ផ្អែកលើលទ្ធផលបណ្ដោះអាសន្ននេះ បើគិតចំណាត់ថ្នាក់ក្រុមលេខ២ ល្អជាងគេ ធៀបជាមួយក្រុមលេខ២ នៃពូលB និងពូលC គឺកម្ពុជា ឈរលេខ៣ នឹងមាន ១ពិន្ទុស្មើហ្វីលីពីន ដែលនៅសល់១ប្រកួតក្នុងដៃដូចគ្នា ប៉ុន្ដែចាញ់ប្រៀបក្រុម U23 ឥណ្ឌូនេស៊ី ដែលមាន ៣ពិន្ទុ តែមិនសល់ការប្រកួតទៀតឡើយ ។
ការណ៍នេះ នាំឲ្យក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជ័យជម្នះលើក្រុម U23 ថៃដាច់ខាត ក្នុងជំនួបបញ្ចប់ពូលA យប់នេះ ខណៈបើស្មើ ឬចាញ់ នោះក្រុមយុវជន U23 កម្ពុជា នឹងអស់ឱកាសឡើងវគ្គបន្ដតែម្ដង។
សូមបញ្ជាក់ថា ការប្រកួតជម្រើសជើងឯកយុវជនអាស៊ាននេះ មានបេក្ខភាព ១០ក្រុមចូលរួម និងចែកចេញជា៣ពូល ។ សម្រាប់ពូលA មាន ៤ក្រុម ខណៈពូលB និងពូលC មាន ៣ក្រុមស្មើគ្នា ។ បន្ទាប់ពីចប់ការប្រកួតវិលជុំ ក្រុមមានពិន្ទុខ្ពស់ជាងគេ នៃពូលនីមួយៗ និងក្រុមលេខ២ ល្អជាងគេ ១ក្រុម ក្នុងចំណោម ៣ពូល នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប៉ុន្ដែដើម្បីស្វែងរកក្រុមលេខ២ ល្អជាងគេ សម្រាប់ពូលA មិនត្រូវបានរាប់បញ្ចូលលទ្ធផល និងគ្រាប់បាល់ នៃការប្រកួតទល់នឹងក្រុមបាត់តារាងក្នុងពូលនោះទេ ។
យ៉ាងណាក្ដីក្រុម U23 កម្ពុជា ក៏ត្រូវរង់ចាំអ៊ុតលទ្ធផលការប្រកួតបញ្ចប់ពូលA រវាងប្រ៊ុយណេ និងមីយ៉ាន់ម៉ា ដែលនឹងចាប់ផ្ដើមការប្រកួតដំណាលគ្នានាយប់នេះផងដែរ ដ្បិតប្រសិនបើក្រុម U23 ប្រ៊ុយណេ អាចយកឈ្នះក្នុងការប្រកួតនេះ ក៏នឹងផ្ដល់ក្ដីសង្ឃឹមមួយដល់ក្រុមគោព្រៃជំទង់កម្ពុជាផងដែរ៕ អត្ថបទ៖ លី ឈុនឡា


