អ៊ីរ៉ង់៖ ការតាមដានទិន្នន័យ បានបង្ហាញថា នាវាដឹកប្រេងដែលជាប់សង្ស័យជាយូរមកហើយថា បានដឹកប្រេងឆៅអ៊ីរ៉ង់ដែលត្រូវបានគេដាក់ទណ្ឌកម្ម បានដាក់ទំនិញរបស់ខ្លួនចេញ នៅជិតរដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យ ទោះបីជាទីក្រុងតេអេរ៉ង់ បានគំរាមកំហែងកំណត់គោលដៅដឹកជញ្ជូន នៅឈូងសមុទ្រពែក្សក្តី។
ទិន្នន័យតាមដាននាវាដែលត្រូវបានវិភាគដោយសារព័ត៌មាន AP បានបង្ហាញថា កប៉ាល់ Suez Rajan ដែលមានទង់ជាតិកោះ Marshall បានចាប់ផ្តើមការផ្ទេរប្រេងពីកប៉ាល់ទៅកប៉ាល់ជាច្រើនម៉ោងទៅកាន់កប៉ាល់ដឹកប្រេងមួយទៀតគឺ MR Euphrates នៅជិតទីក្រុងហ្គាលវេស្តុន( Galveston) មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ (៤៥ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងហូស្តុន( Houston) ។
ជោគវាសនានៃទំនិញនៅលើកនាវា Suez Rajan បានជាប់គាំងនៅក្នុងភាពតានតឹងកាន់តែធំរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋឥស្លាម ទោះបីជាទីក្រុងតេអេរ៉ង់និងវ៉ាស៊ីនតោន កំពុងធ្វើការឆ្ពោះទៅរកការដោះដូរទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ការដោះលែងជនជាតិអ៊ីរ៉ង់-អាមេរិកចំនួន៥នាក់ដែលត្រូវគេឃុំខ្លួននៅទីក្រុងតេអេរ៉ង់ក៏ដោយ។ ប្រទេសអ៊ីរ៉ង់ បានព្យាយាមគេចពីការដាក់ទណ្ឌកម្ម និងបន្តលក់ប្រេងរបស់ខ្លួនទៅក្រៅប្រទេស ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរឹបអូសទំនិញ តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះដែលអនុញ្ញាតឲ្យមានពាណិជ្ជកម្មនេះ បានដួលរលំ៕


