ភ្នំពេញ៖ ប្រជាពលរដ្ឋក៏កំពុងតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការបើកសម័យប្រជុំលើកដំបូង រដ្ឋសភាជាតិ នីតិកាលទី៧ នាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅតាមគេហដ្ឋាន បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ដែលសុទ្ធតែជាថ្នាក់ដឹកនាំវ័យក្មេង ពោពេញដោយសមត្ថភាព ដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។
ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាម្ចាស់ប្រទេស បានសម្ដែងការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ដែលនឹងចាប់កំណើតជាផ្លូវការនាថ្ងៃទី ២២ ខែសីហា ស្អែកនេះ នឹងបន្តដឹកនាំកម្ពុជាឱ្យកាន់តែរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ដែលកម្ពុជាកំពុងតែមានសព្វថ្ងៃតទៅមុខទៀត។
សូមជម្រាបថាប្រជាជននៅទូទាំងប្រទេសបានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះគឺមានប្រជាពលរដ្ឋខ្មែរជាង ៨ លាន ២ សែននាក់ បាននាំគ្នាទៅបោះឆ្នោត។ ក្នុងចំណោមសំឡេងសន្លឹកឆ្នោតទាំងអស់ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់រហូតដល់ជាង ៦ លាន ៣ សែនសំឡេង, គណបក្សហ៊្វុនសិនប៉ិចឈរនៅលំដាប់ទី២ ដោយទទួលបានសំឡេងគាំទ្រជាង ៧ សែនសំឡេង ៕ អត្ថបទ៖ គឹមហុក