អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វាគមន៍ការសម្រេចចិត្តជាប្រវត្តិសាស្ត្រធ្វើឡើងដោយប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក ក្នុងការផ្តល់យន្តហោះប្រយុទ្ធF-16 របស់អាមេរិក ជាចំណាត់ការចុងក្រោយរបស់សម្ព័ន្ធមិត្តប្រទេសលោកខាងលិច ដើម្បីជំរុញកិច្ចប្រឹងប្រែងរបស់ប្រទេសលោកទប់ទល់ការឈ្លានពានរបស់រុស្ស៊ី។ លោក Zelenskyy បានស្វែងរកយន្តហោះប្រយុទ្ធទំនើប រយៈពេលជាច្រើនខែ ដើម្បីពង្រឹងកងកម្លាំងដែនអាកាសសម័យសូវៀតរបស់អ៊ុយក្រែន ខណៈខ្លួន បន្តវាយបកខ្លាំងទៅលើកងកម្លាំងរុស្ស៊ី នៅភាគខាងកើត។
ទីក្រុងវ៉ាស៊ីនតោន បានប្រកាសការអនុម័តរបស់ខ្លួននៃការផ្ទេរយន្តហោះ F-16 កាលពីថ្ងៃសុក្រ ជាមួយការបណ្តុះបណ្តាលអាកាសយានិកអ៊ុយក្រែនដែលកំណត់ពេលចាប់ផ្តើមនៅខែនេះ ដោយអនុញ្ញាតឲ្យអ៊ុយក្រែចាប់ផ្តើមដាក់ពង្រាយយន្តហោះនៅដើមឆ្នាំ២០២៤។ លោក Zelenskyy បាននិយាយនៅរួមជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte អំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានកងកម្លាំងទ័ពអាកាស Eindhoven ក្នុងប្រទេសហូឡង់ ថា ការសម្រេចចិត្តនេះគឺពិតជាប្រវត្តិសាស្ត្រ មានឥទ្ធិពល និងជំរុញទឹកចិត្តយើង។
លោកRutte បាននិយាយថាយន្តហោះF-16 មួយចំនួន ដែលត្រូវផ្តល់ទៅឲ្យទីក្រុងគីវ នៅមិនទាន់ត្រូវបានកំណត់នៅឡើយ ប៉ុន្តែលោក Zelenskyy និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាអ្នកប្រយុទ្ធរបស់យើង នឹងទទួលបានយន្តហោះប្រយុទ្ធដ៏អស្ចារ្យចំនួន៤២គ្រឿង។ បន្ទាប់មក លោក Zelenskyy បានធ្វើដំណើរទៅកាន់មូលដ្ឋានទ័ពអាកាស Skrydstrup ប្រទេសដាណឺម៉ាក ហើយត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីលោកស្រី Mette Frederiksen ដែលបាននិយាយថា យើងបានដឹងថាអ្នកត្រូវការបន្ថែមទៀត ហើយនោះជាមូលហេតុដែលបច្ចុប្បន្នយើងបានប្រកាសថាយើងនឹងផ្តល់យន្តហោះប្រយុទ្ធ F-16 ចំនួន ១៩គ្រឿងទៅឲ្យអ៊ុយក្រែន។ លោកស្រីនិយាយថា ៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះ នឹងត្រូវផ្តល់ឲ្យនៅចុងឆ្នាំនេះ ៨គ្រឿងនៅឆ្នាំក្រោយ និង៥គ្រឿងទៀតនៅឆ្នាំ២០២៥៕

