ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ លើកឡើងថា កម្ពុជាចាប់ផ្តើមផ្លាស់ប្តូររបត់នយោបាយរបស់ខ្លួនប្រកបទៅដោយសញ្ញាណវិជ្ជមាន និងនិរន្តរភាពយូរអង្វែង។
ស្របពេលរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃស្អែក ថ្លែងប្រាប់ BTV News នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានឲ្យដឹងថា ប្រវត្តិសាស្រ្តកម្ពុជាក្នុងពេលបច្ចុប្បន្នកំពុងឆ្ពោះទៅរករបត់ផ្លាស់ប្តូរមួយដែលមិនធ្លាប់មាន ដោយសារការរៀបចំបន្តវេនប្រកបដោយនិរន្តរភាព ដែលជាការធានាដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាប្រយោជន៍ដល់ប្រជាជនខ្មែរគ្រប់រូប។
លោកបណ្ឌិត លើកឡើងថា កិច្ចការសំខាន់ៗ ដែលរាជរដ្ឋាភិបាលគួរតែចាប់ផ្តើម ហើយប្រើប្រាស់កណ្តាប់ដែកជាបន្ទាន់គឺ ការដោះស្រាយបញ្ហាប៉ះពាល់ជីវភាព គម្លាតនៃការអភិវឌ្ឍសង្គម សមធម៌សង្គម និងគ្រឿងញៀនជាដើមនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត បានបង្ហាញសុទិដ្ឋិនិយមលើការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការបំពេញតួនាទី និងកាតព្វកិច្ចរបស់ខ្លួនដោយប្រើឲ្យអស់បញ្ញាញាណ សមត្ថភាព និងបទពិសោធន៍ទាំងអស់ ដើម្បីអនុវត្តឲ្យទទួលបានប្រសិទ្ធភាព និងជាគុណប្រយោជន៍ដល់សង្គមជាតិ និងប្រជាជនទាំងមូល៕អត្ថបទ សេក ឧត្តម