ចិន៖ ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសនេះ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសចិនកំពុងស៊ើបអង្កេតជនជាតិចិនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទជួយធ្វើចារកម្មសម្រាប់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលរបស់សហរដ្ឋអាមេរិក(CIA)។
ក្រសួងនេះ បាននិយាយថា បុរសជនជាតិចិនអាយុ ៣៩ឆ្នាំ ដែលមានត្រកូល Hao គឺជាកម្មាភិបាលនៅក្រសួងមួយ ហើយបានទៅសិក្សានៅប្រទេសជប៉ុន ជាកន្លែងដែលការជ្រើសរើសចារកម្ម បានកើតឡើង។ ភេទរបស់បុគ្គលត្រកូលHao នោះ មិនត្រូវបានបង្ហាញទេ។
សេចក្តីថ្លែងការណ៍នោះ បានកើតឡើងមិនដល់ពីរសប្តាហ៍ បន្ទាប់ពីក្រសួង បាននិយាយថា ខ្លួនបានរកឃើញជនជាតិផ្សេងទៀត ដែលសង្ស័យថា បានធ្វើចារកម្មឲ្យCIA បន្ទាប់ពីត្រូវបានជ្រើសរើសនៅក្នុងប្រទេសអ៊ីតាលី។ ស្ថានទូតអាមេរិកនៅទីក្រុងប៉េកាំង និងតូក្យូ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រទេ។
ក្រសួងនេះ បាននិយាយថា បុគ្គលឈ្មោះ Hao បានស្គាល់ជាមួយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ដែលត្រូវបានគេស្គាល់ថា «Ted» ខណៈពេលដែលកំពុងរៀបចំដាក់ពាក្យសុំទិដ្ឋាការ។ ក្រសួងបាននិយាយទៀតថា លោក Ted បានអញ្ជើញបុគ្គល Hao មកទទួលទានអាហារពេលល្ងាច បង្ហាញអំណោយ និងស្វែងរកជំនួយពីHao ជាមួយនឹងការសរសេរលើក្រដាសមួយសន្លឹកដែលលោកTed សន្យាថា នឹងចំណាយ។
ក្រសួងដដែល បានបន្តថា លោកTed បានណែនាំ Hao ឲ្យស្គាល់សហសេវិកម្នាក់ឈ្មោះ Li Jun មុនពេលអាណត្តិរបស់គាត់នៅស្ថានទូតជប៉ុន ត្រូវបានបញ្ចប់។ Li និង Hao បន្ទាប់មកបានរក្សា«ទំនាក់ទំនងសហប្រតិបត្តិការ៕

