ភ្នំពេញ៖ បណ្ដានិស្សិតកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញ បានបង្ហាញសេចក្ដីពេញចិត្ត និងមានមោទកភាពជាខ្លាំង ខណៈថ្ងៃទី២១ ខែសីហានេះ រដ្ឋសភាជាតិចាប់ផ្តើមបើកសម័យប្រជុំជាលើកដំបូងនៃនីតិកាលទី៧របស់ខ្លួន និងឈានទៅផ្ដល់សេចក្ដីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី ក្នុងនោះឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រជាជនខ្មែរជាផ្លូវការដើម្បីដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត។
និស្សិតកំពុងសិក្សានៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្លែងប្រាប់ BTV នៅថ្ងៃទី២១ ខែសីហានេះថា ពួកគេគាំទ្រ និងស្រឡាញ់ទុកចិត្ត គាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលថ្មី ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឱ្យទទួលបាននូវសុខសន្ដិភាព និងការអភិវឌ្ឍបន្ថែមទៀត។
សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ បានប្រារព្ធបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ហើយនាពេលរសៀលនេះសមាជិករដ្ឋសភាទាំងអស់នឹងត្រូវស្បថចូលកាន់ដំណែង។ ចំណែកនៅថ្ងៃទី ២២ ខែសីហាស្អែកនេះ សភានឹងកោះប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធសមាជិករដ្ឋសភាហើយពេលនោះក្បាលម៉ាស៊ីនរដ្ឋសភា និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលនឹងត្រូវបង្កើតឡើង ហើយគណៈរដ្ឋមន្ត្រីនឹងស្បថចូលកាន់ដំណែងជាផ្លូវការនាពេលរសៀលនោះផងដែរ៕អត្ថបទ ស៊ុម សុខជា