ភ្នំពេញ៖ ការគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ បានជំរុញឱ្យផលិតផលខ្មែរមានការគាំទ្រច្រើនពីអតិថិជន និងមានទីផ្សារល្អផងដែរ ។ នេះបើតាមការអះអាងរបស់អាជីវករ ។
បណ្តាអាជីវករ បានប្រាប់BTVថា តាមការសង្កេតប្រជាពលរដ្ឋ បានយល់ដឹងច្រើនពីសុវត្ថិភាពម្ហូប អាហារមានអនាម័យ ប្រសិនបើម្ហូបអាហារណាមិនមានអនាម័យ នោះពួកគេមិនសូវគាំទ្រផលិតផលនោះទេ ។ ក្រៅពីនេះ បណ្តាអាជីករ ប្តេជ្ញាបន្តគោរពស្តង់ដារសុវត្ថិភាពម្ហូបអាហារ ដើម្បីធានានិរន្តរភាពការគាំទ្រ ពីអតិថិជន និងជួយឱ្យទីផ្សារកាន់តែធំទូលាយជាដើម ។
ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានប្រាប់BTVដែរថា បញ្ហាសុវត្ថិភាពម្ហូបនៅកម្ពុជា គឺមានភាពប្រទាក់ក្រឡាគ្នា ដែលត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យសុវត្ថិភាពម្ហូបអាហារ កាន់តែមានភាពល្អប្រសើរថែមទៀត ខណៈបច្ចុប្បន្ន អន្តរក្រសួងចំនួន៦ បន្តការអភិវឌ្ឍស្តង់ដាសុវត្ថិភាពម្ហូបអាហារនៅកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើម្ចាស់ជីវកម្ម គោរពស្តង់ដារជាតិ និងអន្តរជាតិ នឹងធ្វើឱ្យកេរ្តិ៍ ឈ្មោះផលិតផលពួកគេកាន់តែរក្សាបាននូវទំនុកចិត្តពីអតិថិជន និងមិនប្រឈមចំពោះមុខច្បាប់ផងដែរ។
ម្ហូបអាហារមានសុវត្ថិភាព មានសារសំខាន់ខ្លាំងណាស់ចំពោះសុខភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សគ្រប់រូប។ កាលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ គឺជាកក្កតាសំខាន់សម្រាប់ចីរភាពប្រព័ន្ធស្បៀង ការអភិវឌ្ឍមូលធនមនុស្ស និងជាតម្រូវការចាំបាច់ ដើម្បីឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ៕អត្ថបទ៖ ទូច សោភ័ណ