
ស្វាយរៀង ៖ អ្នកជំងឺកូវីដ-១៩ រកឃើញថ្មីនៅក្នុងរោងចក្រមួយ ក្នុងក្រុងបាវិត ជិត២០០នាក់ បច្ចុប្បន្ន មានភាពធូរស្រាលជាបណ្ដើរៗហើយ បន្ទាប់ពីរដ្ឋបាលខេត្ត បានដាក់ឲ្យធ្វើការព្យាបាលនៅតាមមន្ទីរពេទ្យចំនួនបីនៅក្នុងខេត្តស្វាយរៀង ខណៈដែលអ្នកជំងឺកូវីដ-១៩ ជាង៣០០នាក់ផ្សេងទៀត បានជាសះស្បើយ។
លោកវេជ្ជបណ្ឌិត អឹម បុត្រ សមាជិកក្រុមការងារស្រាវជ្រាវជំងឺកូវីដ-១៩ ថ្នាក់ខេត្ត និងជាប្រធានក្រុមចត្តាឡីស័ក ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី២៥ ខែឧសភានេះ បានប្រាប់ BTVថា ស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលត្រូវបានរកឃើញថ្មី នៅក្នុងរោងចក្រ (យូលីមួយ) តំបន់សានតុងក្រុងបាវិត បច្ចុប្បន្ន ដែលកំពុងសម្រាកកព្យាបាលនៅមន្ទីរពេទ្យនានា នៅក្នុងខេត្ត មានភាពធូរស្រាលជាបណ្ដើរៗហើយ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។
លោក បានបញ្ជាក់ថា ទន្ទឹមនឹងការព្យាបាលអ្នកជំងឺកូវីដ ឱ្យជាសះស្បើយជាបណ្ដើរៗនោះ ក្រុមការងារស្រាវជ្រាវថ្នាក់ខេត្ត បានបន្តចុះស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយកម្មករ នៅតាមមូលដ្ឋាន និងដាក់ឲ្យធ្វើចត្តាឡីស័ក។ ខេត្តស្វាយរៀង នៅក្នុងស្ថានភាពផ្ទុះជំងឺកូវីដ-១៩ ឆ្លងនៅក្នុងរោងចក្រ (យូលី១) តំបន់សានតុង ក្រុងបាវិត មានចំនួនជាង១០០ករណី៕
អត្ថបទ៖ ភា សារិត