អង្គការឧតុនិយមពិភពលោកនិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ បានក្លាយទៅជារឿងធម្មតាថ្មី ខណៈរលកកម្ដៅបន្តវាយប្រហារលើផ្នែកធំៗនៃពិភពលោក។
សេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបាននិយាយនៅដើមខែនេះថា ខែកក្កដាត្រូវបានបញ្ជាក់ថាជាខែក្តៅបំផុតនៅលើផែនដីចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩៤០មក។
ទិន្នន័យរបស់ទីភ្នាក់ងារនេះបានបង្ហាញថា សីតុណ្ហភាពមធ្យមជាមធ្យមរបស់ពិភពលោកគឺមានកម្រិត ១៦,៩៥អង្សាសេកាលពីខែមុន លើសពីកំណត់ត្រាមុនដែលមានកម្រិត១៦,៦៣អង្សាសេ បានកំណត់ក្នុងខែកក្កដា ឆ្នាំ២០១៩។
សីតុណ្ហភាពជាមធ្យមលើផ្ទៃសមុទ្ររបស់ពិភពលោកបានបន្តកើនឡើង បន្ទាប់ពីរយៈពេលដ៏យូរនៃសីតុណ្ហភាពខ្ពស់មិនធម្មតា ដោយឈានដល់កម្រិតខ្ពស់បំផុតក្នុងខែកក្កដា។
កាលពីខែកក្កដា តំបន់ទឹកកកសមុទ្រអង់តាក់ទិក ក៏បានឈានដល់កម្រិតទាបបំផុតចាប់តាំងពីការសង្កេតផ្កាយរណបបានចាប់ផ្តើមមកផងដែរ។ លោក Alvaro Soto អ្នកជំនាញអាកាសធាតុនៃអង្គការ WMO បាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបានក្លាយជារឿងធម្មតាថ្មី ហើយបញ្ហាទាំងនោះនឹងមិនមែនជារឿងភ្ញាក់ផ្អើលទៀតនោះទេ៕

