ម៉ាលី៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងប្រដាប់អាវុធបានសម្លាប់មនុស្សយ៉ាងហោចណាស់ 23 នាក់ និងរបួស 12 នាក់នៅក្នុងការវាយប្រហារលើភូមិមួយនៅកណ្តាលប្រទេសម៉ាលី។ លោក Sidi Mohamed El Bechir អភិបាលនៃតំបន់ Bandiagara ជាកន្លែងដែលការវាយប្រហារបានកើតឡើងបាននិយាយថា បុរសមិនស្គាល់អត្តសញ្ញាណបានសម្លាប់មនុស្សរាប់សិបនាក់ និងបានដុតបំផ្លាញផ្ទះជាច្រើនខ្នងនៅក្នុងភូមិ Yarou កាលពីថ្ងៃសុក្រ។
លោក Amadou Lougué ប្រធានអង្គការយុវជនក្នុងតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យ (២០ សីហា) ថា ជនដៃដល់ទាំងនោះបានបន្តនៅក្នុងភូមិរហូតដល់ម៉ោង៧យប់ ហើយបានដុតបំផ្លាញផ្នែកនៃភូមិ វាយកម្ទេចហាងលក់ទំនិញ និងបានលួចយកគោក្របីរបស់អ្នកភូមិទៀតផង។ ការវាយប្រហារនេះមិនត្រូវបានអះអាងពីក្រុមឧក្រិដ្ឋជនណាមួយនោះទេ។
សហគមន៍នៅទូទាំងភាគកណ្តាល និងភាគខាងជើងប្រទេសម៉ាលី បានស្ថិតក្នុងការក្ដោបក្តាប់នៃអំពើហិង្សាប្រដាប់អាវុធជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១២មក។ ក្រុមឧទ្ទាមជ្រុលនិយមត្រូវបានបង្ខំឱ្យចេញពីអំណាចនៅក្នុងទីក្រុងភាគខាងជើងនៃប្រទេសអាហ្វ្រិកខាងលិចមួយនេះនៅឆ្នាំបន្ទាប់ ដោយមានជំនួយពីប្រតិបត្តិការយោធាដឹកនាំដោយប្រទេសបារាំង។ ប៉ុន្តែពួកគេបានប្រមូលផ្តុំគ្នាឡើងវិញនៅតំបន់វាលខ្សាច់ ហើយចាប់ផ្តើមវាយប្រហារលើកងទ័ពម៉ាលី និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះផងដែរ៕

